ភ្នំពេញ ៖ ក្នុងអំឡុងពេលមមាញឹក នៃការប្រារព្ធពិធីបុណ្យព្រះបរមសពព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ដ៏អធិកអធម នៅចុងខែមេសា ឆ្នាំ១៩៤១នោះ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយត្រូវបានលេចឮពាសពេញរាជធានីនោះ គឺរាជទាយាទដែលត្រូវឡើងសោយរាជ្យបន្តនោះ មិនមែនព្រះអង្គម្ចាស់ស៊ីសុវិត្ថ មុនីរ៉េត ទេ។
ផ្ទុយទៅវិញ គឺយុវព្រះអង្គម្ចាស់ជាសិស្សវិទ្យាល័យសាស្សឺលូ ឡូបា ម្នាក់ ដែលមានព្រះជន្មត្រឹមតែ១៩វស្សាប៉ុណ្ណោះ ត្រូវបានក្រុមប្រឹក្សារាជបល្ល័ង្កជ្រើសតាំងឲ្យឡើងសោយរាជ្យបន្ត។ ព្រះមហាក្សត្រថ្មីដែលគេមិននឹកស្មានដល់នោះ គឺគ្មាននរណាក្រៅពីយុវព្រះអង្គម្ចាស់សីហនុ ជាព្រះនត្តា (ចៅ) របស់ព្រះបរមសពនោះឡើយ។
ការពិតទៅ ការជ្រើសរើសព្រះមហាក្សត្រថ្មីនេះ គឺធ្វើឡើងតាមការចង្អុលបង្ហាញរបស់អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ដែលមានអំណាចជាងក្រុមប្រឹក្សាព្រះរាជបល្ល័ង្កទៅទៀត ។
ពេលនោះដែរ កាសែត “នគរវត្ត” របស់សឺង ង៉ុកថាញ់ ជាក្រុមអ្នកជាតិនិយម ប្រឆាំងនឹងបារាំង បានចុះផ្សាយថា រាជបល្ល័ង្ករបស់ប្រទេសកម្ពុជា មិនត្រូវស្ថិតនៅជាកម្មសិទ្ធិផ្ដាច់មុខរបស់សែរាជវង្សស៊ីសុវត្ថិ ដែលបារាំង ងាយស្រួលដឹកមុខតទៅទៀតទេ គឺត្រូវត្រឡប់មកខាងសែនរោត្ដម វិញហើយ។
ប៉ុន្តែបើទោះបីជាពុំមានការទាមទារ និងគាំទ្រពីសំណាក់ក្រុមជាតិនិយម សឹង ង៉ុកថាញ់, ស៊ឹម វ៉ា និងប៉ាច ឈឺន ក៏ដោយ ក៏ពួកបារាំងមើលឃើញយុវព្រះអង្គម្ចាស់សីហនុ តាំងពីមុនព្រះអយ្យិកោព្រះបាទមុនីវង្ស សោយទិវង្គតទៅទៀត ព្រោះព្រះអង្គម្ចាស់នរោត្តម សុធារស ជាព្រះអយ្យិកោ និងអ្នកម្នាងផះង៉ាង៉ាម ជាព្រះអយ្យិកា ក៏ដូចជាព្រះបិតានរោត្ដម សុរាម្រិត និងព្រះមាតាម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា ដែរ គឺសុទ្ធតែជាមិត្តភក្តិដ៏ល្អរបស់មន្រ្តីជាន់ខ្ពស់បារាំង ។
ពិសេសនៅពេលយុវព្រះអង្គម្ចាស់សីហនុ ទៅសិក្សានៅវិទ្យាល័យសាស្សឺលូ ឡូបា នៅទីក្រុងព្រៃនគរនោះ ភរិយារបស់ឧត្តមនាវី ហ្សង់ ដឺគូ (Jean decoux) អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិនទាំងមូល ដែលស្នាក់នៅនិវេសនដ្ឋានក្នុងទីក្រុងព្រៃនគរនោះ មានការចាប់អារម្មណ៍ និងស្រឡាញ់រាប់អានយុវព្រះអង្គម្ចាស់សីហនុ យ៉ាងខ្លាំង។ ពេលឃើញព្រះអង្គដំបូង ភរិយារបស់អគ្គទេសាភិបាលបារាំង រូបនេះ បានលាន់មាត់ថា គួរឲ្យស្រឡាញ់ណាស់ យុវជនតូចច្រឡឹងនេះ! ហើយអគ្គទេសាភិបាលជាស្វាមី ក៏បានយាងព្រះអង្គទៅសោយព្រះស្ងោយនៅនិវេសនដ្ឋានរបស់គាត់ផងដែរ ។
ជាមួយគ្នានោះ យុវព្រះអង្គម្ចាស់សីហនុ ក៏បានទទួលការអប់រំដ៏ល្អពីបារាំង ផងដែរ ។ ប៉ុន្តែមានមជ្ឈដ្ឋានខ្លះគិតថា មូលហេតុដែលបារាំង ឲ្យយុវព្រះអង្គម្ចាស់សីហនុ ឡើងសោយរាជ្យទាំងព្រះជន្មវ័យក្មេងដូចនេះ គឺដើម្បីងាយស្រួលក្នុងការឲ្យព្រះអង្គធ្វើអ្វីៗតាមបង្គាប់បញ្ជារបស់បារាំង តែប៉ុណ្ណោះ ។
ការពិតនៅ រាជទាយាទដែលត្រូវឡើងសោយរាជ្យបន្ត គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជាព្រះរាជបុត្រាច្បងរបស់ព្រះបរមសពមុនីវង្ស ឯណោះទេ។ ប៉ុន្តែ ដោយសារទ្រង់មុនីរ៉េត ចូលចិត្តប្រើពាក្យសម្ដីស្រែកគំហកតាមចរិតជាមេទ័ពសុទ្ធសាធ ជាហេតុធ្វើឲ្យឥស្សរជនបារាំង ភាគច្រើនមិនពេញចិត្ត ហើយបានឲ្យយោបល់ទៅថ្នាក់លើថា បើទ្រង់មុនីរ៉េត បានឡើងសោយរាជ្យជាស្តេច គឺប្រាកដជាមិនងាយស្តាប់បង្គាប់បារាំង ឡើយ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ប្រសូតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩០៩ ក្នុងរាជធានីភ្នំពេញ។ មុនពេលចូលរៀនសាលាយោធា សាំងស៊ា នៅប្រទេសបារាំង ទ្រង់បានទៅសិក្សានៅវិទ្យាស្ថានម៉ុងតាញ អាវ៉ង់។ ឆ្នាំ១៩៣៤ ទ្រង់បានបង្កើតអង្គការកាយរិទ្ធិមួយ ឈ្មោះថា អង្គការខេមរៈកាយរិទ្ធិ ជាលើកដំបូង ដែលមានសមាជិកប្រមាណ១០០នាក់។
ចាប់ពីឆ្នាំ១៩៣៤ ដល់១៩៣៧ ទ្រង់កាន់តំណែងជាលេខាធិការរបស់ព្រះមហាក្សត្រមុនីវង្ស ជាព្រះបិតា។ ចាប់ពីឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៣៩ ទ្រង់បានចូលរួមក្នុងកិច្ចការសង្គម សុខាភិបាល និងកីឡា ។
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៣៩ ពេលសង្រ្គាមលោកលើកទី២ផ្ទុះឡើង ទ្រង់បានចូលបម្រើក្នុងជួរកងទ័ពបារាំង ម្តងទៀត ដោយមានឋានន្តរស័ក្តិជាអនុសេនីយ៍ទោ(ស័ក្តិ២)និងបានចេញទៅជួយធ្វើសង្រ្គាមបារាំង ដើម្បីប្រយុទ្ធជាមួយកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ដែលឈ្លានពានប្រទេសបារាំង បានមួយរយៈខ្លីដែរ។
នៅក្រុងភ្នំពេញ ក៏ដូចជានៅក្រុងហាណូយ និងនៅក្រុងព្រៃនគរដែរ ក្នុងចំណោមពួកមន្ត្រីដែលនៅជុំវិញឧត្តមនាវីហ្សង់ ដឺគូ (Jean Decoux) អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ពួកគេបានយកចិត្តទុកដាក់មកលើព្រះអង្គម្ចាស់នរោត្តម សុរាម្រិត និងម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈនារីរត្នន៍ ជាងរាជវង្សផ្សេងៗទៀត។
ចំណែកឡេអុង អែមម៉ានុយអែល ធីបូដូ (Leon Emmanuel thibaudeau) ទេសាភិបាលជាន់ខ្ពស់បារាំង (Resident Superieur) ប្រចាំប្រទេសកម្ពុជា ជាមនុស្សមានសម្តីគំរោះគំរើយ តែចិត្តល្អនោះ គឺជាអ្នកប្រឆាំងដាច់ខាតចំពោះបេក្ខភាពឡើងគ្រងរាជសម្បត្តិរបស់ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត ដោយចាត់ទុកទ្រង់ជាមនុស្សមានះ រឹងរួស និងធ្លាប់រិះគន់ក្រុមប្រឹក្សារដ្ឋមន្ត្រីថា គ្មានបានការអ្វី ចាំតែឆ្លើយ “បាទ” ជាមួយបារាំង ប៉ុណ្ណោះ។
ម៉្យាងទៀត ទេសាភិបាលជាន់ខ្ពស់ ធីបូដូ (Thibaudeau) មិនចូលចិត្តនឹងមហេសីរបស់ទ្រង់មុនីរ៉េត គឺអ្នកម្នាងប៉ុក វ៉ាន់ណេ មុនីរ៉េត ជាចៅរបស់ឧកញ៉ាចៅហ្វាវាំង ជួន ដែលបានធ្វើព្យុះ ធ្វើភ្លៀងនៅក្នុងព្រះបរមរាជវាំង អស់៣រជ្ជកាលព្រះមហាក្សត្រមកហើយ គឺរជ្ជកាលព្រះនរោត្តម, រជ្ជកាលព្រះស៊ីសុវត្ថិ និងរជ្ជកាលព្រះមុនីវង្ស។
ទេសាភិបាលជាន់ខ្ពស់បារាំង រូបនេះ មានគម្រោងរួចហើយថា ថ្ងៃណាមួយ លោកនឹងដាក់ឲ្យឧកញ៉ាចៅហ្វាវាំងជួន ចូលនិវត្តន៍ ព្រោះគាត់ជាមនុស្សពុករលួយ និងមានមុខពីរ គឹក្បត់ព្រះមហាក្សត្រខ្លួនឯងផង និងក្បត់បារាំងផង។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺទេសាភិបាលជាន់ខ្ពស់បារាំង ធីបូដូ (Thibaudeau) បានសរសេរលិខិតស្នើសុំទៅអគ្គទេសាភិបាលប្រចាំឥណ្ឌូចិន ហ្សង់ ដឺគូ (Jean Decoux) ឲ្យដកបេក្ខភាពទ្រង់មុនីរ៉េត ចេញ ហើយដាក់បេក្ខភាពយុវព្រះអង្គម្ចាស់នរោត្តម សីហនុ ឲ្យឡើងគ្រងរាជ្យបន្តពីព្រះបរមសពមុនីវង្ស វិញ។
ទាក់ទងដល់ការជ្រើសរើសយុវព្រះអង្គម្ចាស់ សីហនុ ឲ្យឡើងគ្រងរាជ្យនេះដែរ ក៏ដោយសារសហការីភាគច្រើនរបស់ឧត្តមនាវីហ្សង់ ដឺគូ (Jean Decoux) ដែលភាគច្រើនជាមិត្តភក្តិរបស់ព្រះអង្គម្ចាស់នរោត្តម សុរាម្រឹត ជាបិតា ដូចជា ទេសាភិបាល ហូលហ្វែល (Hoeffel), សាស្រ្តាចារ្យវ៉ាស្នឺរ(Vasner) ស៊ីសេរ៉ុង ( Ceiceron ) និងដេម៉ូស្ទីន (Demostine) ជាដើម សុទ្ធតែជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់ទ្រង់សុរាម្រឹត ផងដែរ។
ក្រោយពេលទទួលដំណឹងថា ក្រុមប្រឹក្សារាជបល្ល័ង្ក បានសម្រេចជ្រើសតាំងបុត្រាសំណព្វរបស់ព្រះអង្គឲ្យឡើងសោយរាជ្យភ្លាម ម្ចាស់ក្សត្រីកុសុមៈ នារីរ័ត្ន និងព្រះអង្គម្ចាស់នរោត្តម សុរាម្រឹត ជាមាតាបិតា មានព្រះទ័យត្រេកអររកអ្វីប្រៀបផ្ទឹមពុំបានឡើយ ។ ប៉ុន្តែ យុវព្រះអង្គម្ចាស់សីហនុ បានបដិសេធថា មិនគួរណាឲ្យព្រះអង្គទទួលបន្ទុកដ៏សែនធ្ងន់បែបនេះទាល់តែសោះ ព្រោះព្រះអង្គនៅក្មេងខ្ចីណាស់។
ក្រោយពីក្រុមប្រឹក្សារាជបល្ល័ង្កជ្រើសតាំងឲ្យឡើងសោយរាជ្យមក ព្រះមហាក្សត្រសីហនុ ត្រូវយាងចាកចេញពីដំណាក់ប្រចាំគ្រួសារ ដែលនៅក្បែរវិមានឯករាជ្យ (សព្វថ្ងៃជាស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ) ទៅគង់នៅក្នុងប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំងវិញ និងចាប់ផ្តើមយាងជាព្រះរាជាធិបតីក្នុងផ្លូវសាសនា និងក្នុងព្រះរាជពិធីផ្សេងៗទៀត ព្រមទាំងនៅក្នុងព្រះរាជពិធីបុណ្យឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមសពមុនីវង្ស ជាព្រះអយ្យិកោផងដែរ។
ពេលឡើងគ្រងរាជ្យដំបូង ព្រះអង្គត្រូវរៀបចំព្រះកាយឲ្យបានសមរម្យតាមអាសនានុក្រម (លំដាប់ទីតាំងដែលត្រូវគង់) និងព្យាយាមផ្លាស់ប្តូរឥរិយាបថគ្រប់បែបយ៉ាង ដើម្បីឲ្យស័ក្តិសមជាព្រះមហាក្សត្រ។
ទន្ទឹមនឹងនេះ ព្រះអង្គត្រូវកែប្រែរបៀបរបបព្រះមហាក្សត្រពីមុនមកខ្លះៗ ដើម្បីចៀសវាងការសៅហ្មងនៅក្នុងជួរព្រះញាតិវង្ស ។ ព្រះអង្គមិនអនុញ្ញាតឲ្យព្រះអយ្យិកោ ព្រះអយ្យិកា ព្រះមាតាព្រះបិតា ព្រះមាតុច្ឆា ពិសេសព្រះបិតុលា (ឪពុកមា) ស៊ីសុវត្ថិ មុនីរ៉េត ដែលជារាជទាយាទខកចិត្តនោះ ក្រាបថ្វាយបង្គំព្រះអង្គឡើយ។
តែទោះជាមិនបានឡើងគ្រងរាជ្យដូចការគ្រោងទុកក៏ដោយ ក៏ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត នៅតែរក្សាព្រះភ័ក្រ្តរីករាយស្រស់ស្រាយធម្មតា ដោយទ្រង់តែងតែឱនព្រះកាយគោរពរាជវង្សានុវង្សទាំងអស់ ដូចមុនៗដដែល។
ពេលនោះ ទោះបីព្រះមហាក្សត្រសីហនុ មកគង់នៅក្នុងប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង ក៏ពិតមែន តែព្រះអង្គមិនទាន់ធ្វើព្រះរាជពិធីអភិសេកឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅឡើយ ហើយមិនបានប៉ុន្មានសប្ដាហ៍ក្រោយមក ព្រះអង្គបានលង់ស្នេហ៍ងុបងល់ទៅលើនាដការបាំព្រះរាជទ្រព្យម្នាក់ គឺអ្នកម្នាងផាត់ កាញ៉ុល ៕
សិក្សាដោយ ឈឹម សេរីភួន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ