ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសបដិសេធ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) បាន ផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដោយយោងសម្តីរបស់បុគ្គល គឹម សុខ ដែលតែងតែបានតាំងខ្លួនឯងថាជាអ្នកវិភាគនយោបាយ។

ពាក់ព័ន្ធនឹងព័ត៌មានមិនពិតខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមធ្វើការបញ្ជាក់ជូន សាធារណជនទាំងអស់ដូចខាងក្រោម៖

១. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមច្រានចោល និងបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ ដែលបានចុះផ្សាយដោយសារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) មកលើ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ។

២. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពុំមាន ការជាប់ពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដូចការចោទប្រកាន់របស់ បុគ្គល គឹម សុខ នោះទេ។ បន្ថែមពីនេះ គណៈកម្មការស្តាក្រុមហ៊ុន និងមូលនិធិនៃក្រុមហ៊ុនខេមបូឌាន អិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ី អាយ ស៊ី ផាតនើរ) ក៏បានចេញលិខិតបដិសេធ និងច្រានចោលព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) នេះ រួចហើយផងដែរ នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៤។

៣. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ក៏សូមបញ្ជាក់ផងដែរថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនដែលប្រើប្រាស់តួនាទីជាភរិយារបស់ សម្តេចធិបតី ដើម្បីគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណា ម្នាក់នោះឡើយ។ លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបទ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាឧត្តមភរិយារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតែងតែ យកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម វប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសង្គម។

៤. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា នេះពុំមែនជាលើកទី១នោះទេ ដែល បុគ្គល គឹម សុខ នេះ បានប្រឌិតព័ត៌មានមិនពិត និងបានចោទប្រកាន់ទាំងបំពានក្នុងចេតនាអាក្រក់បំផុត ដែល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកជំទាវបណ្ឌិត ក៏ដូចជា សម្តេចធិបតី និងក្រុមគ្រួសារ ដែលនេះជាទង្វើអសីលធម៌ និងថោកទាប បំផុតក្នុងនាមជាមនុស្ស។

៥. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌ និងថោកទាប បំផុតរបស់បុគ្គល គឹម សុខ ហើយបុគ្គលនេះត្រូវតែទទួលខុសចំពោះច្បាប់ជាធរមាននូវទង្វើរបស់ខ្លួន និងស្នើឱ្យ សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវ៕ដោយ៖តារា


ចែករំលែក៖