ភ្នំពេញ ៖ ទីបំផុតលោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ បានចេញដីកាសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ឯក” ផ្កាយ៣” ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារPJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក និងបទប្រើ ប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិក ។
សូមជម្រាបថា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ដែលជាទីប្រឹក្សាក្រសួងមហាផ្ទៃ តាមបញ្ជាពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននោះបន្ទាប់ពីសមត្តកិច្ចបានកោះអញ្ជើញលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ ។ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា បានយកប្លង់ដីចំនួន ៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណីសរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិក ។
បើតាមការបង្ហើបឱ្យដឹងពីសមត្តកិច្ចថា ប្លង់ដីដែលបានដាក់តម្កល់យកប្រាក់ គឺឈ្មោះឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹង យកទៅផ្ទៀងផ្ទាត់នៅខាងសុរិយោដី ទើបដឹងថា ប្លង់ដីនោះមិនមែនជាឈ្មោះ ស៊ុន ហួរ ទេ ។ ចំណុចនោះហើយដែលធ្វើឱ្យម្ចាស់ប្រាក់កើតទុក្ខមិនសុខចិត្ត ក៏បានប្តឹងសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ៕ ដោយ រ៉ារ៉ា