ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសបដិសេធ ចំពោះការចោទប្រកាន់ មួលបង្កាច់ របស់សារព័ត៌មាន ឌឺខេមបូឌា ដេលី ខ្មែរ មកលើ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម

ចែករំលែក៖

ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបដិសេធទាំងស្រុងចំពោះការ ផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌីខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់ មូលបង្កាច់មកលើ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធការទទួលសំណូកពីមណ្ឌលសុខភាព និងគ្លីនិកឯកជន។ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបញ្ជាក់ថានីតិវិធីនៃការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល ឯកជន គឺប្រើយន្តការរួម ដោយមានក្រុមប្រឹក្សាវេជ្ជសាស្ត្រ និងនិយ័តករសន្តិសុខសង្គម ចូលរួមកំណត់កម្រិតផ្តល់ សេវា និងឯកភាពលើការស្នើសុំចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជន។ បេឡាជាតិសន្តិសុខ សង្គមកំពុងរៀបចំកែសម្រួលនីតិវិធីនៃការចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជនឡើងវិញ ដើម្បី កំណត់សុពលភាពនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល ស្របតាម គោលការណ៍ណែនាំស្តីពីយន្តការ និងនីតិវិធីនៃការពិនិត្យឡើងវិញលើការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់ សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជនរបស់និយ័តករសន្តិសុខសង្គម។

ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កត់សម្គាល់ឃើញថាការផ្សាយ ព័ត៌មានមិនពិតនេះ មានចេតនាមួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម ម៉េង ហុង ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គ្មានការទទួលខុសត្រូវ និងធ្វើឱ្យមានការយល់ច្រឡំពីសាធារណជន។ សារព័ត៌មាន ឌឹខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងកុំចែកចាយបន្តចំពោះអត្ថបទដែលគ្មានការពិត និងគ្មានវិជ្ជាជីវៈខាងលើនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖