ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទដែលមានខ្លួនចំនួន៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទម្ងន់ ១៣០៣,៣១ក្រាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៤៧៩ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹងការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុសង្ស័យជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ប្រភេទអ៊ុចស្តាស៊ី និងប្រភេទកេតាមីន សរុបទម្ងន់ ១ ៣០៣,៣១ក្រាម(មួយពាន់ បី រយបី កណ្ដកសញ្ញាសាមសិបមួយ)ក្រាម មានជនជាប់ពាក់ព័ន្ធជាជនជាតិវៀតណាមចំនួន៧នាក់ (មានខ្លួន) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិតាបីប និងនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តាមមាត្រា ៤០ កថាខណ្ឌទី៤ ទី៥ ទី៦ និងទី៧ មាត្រា ៤៥ និងមាត្រា ៤៨ កថាខណ្ឌទី៤ និងទី៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទដែលមានខ្លួនចំនួន៧នាក់ដូចខាងលើ នៅ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ២១៤០ប.ឃខ/២៤,លេខៈ២១៤២ប.ឃខ/ ២៤,លេខ២១៤៤ប.ឃខ/២៤, លេខ២១៤៦ប.ឃខ/២៤, លេខ២១៤៨ប.ឃខ/២៤,លេខ២១៥០ប. ឃខ និងលេខៈ២១៥២ប.ឃខ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តស្វាយរៀង ដើម្បីបន្ត ការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ៖តារា


ចែករំលែក៖