ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (Cambodia Bus Association – CAMBA)

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ដឹកនាំដោយ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជំនួបពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវប្រកាសលេខ ០៣៨ ស្តីពីសញ្ញាសម្គាល់រថយន្តធ្វើ អាជីវកម្មដឹកជញ្ជូន ដោយរួមមានទាំងបទដ្ឋានគតិយុត្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងវិធានការនៃការអនុវត្តសញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មជាដើម ដែលខាងសមាគមបានស្នើសុំដល់ក្រសួង សំដៅធ្វើឱ្យសេវាដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា កាន់តែមានគុណភាព ប្រសិទ្ធភាព និងតម្លាភាពខ្ពស់។

លោករដ្ឋលេខាធិការក៏បានផ្តាំផ្ញើដល់សមាគមឱ្យចូលរួមក្នុងការណែនាំ និងផ្សព្វផ្សាយដល់សមាជិក ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរបន្ថែមទៀត ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធងាយស្រួលក្នុងការអនុវត្តតាមអ្វីដែលសមាគមស្នើសុំ និងពង្រឹងនៃការអនុវត្តទៅលើការងារមួយចំនួនដូចជា ស្នើឱ្យការចុះបញ្ជីយានយន្តជាកម្មសិទ្ធិឈ្មោះរបស់ក្រុមហ៊ុន និងស្នើឱ្យក្រុមហ៊ុនបន្តពង្រឹងការអនុវត្តប្រកាសលេខ០៣៨ ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖