ព័ត៌មានទាន់ហេតុការណ៍៖

អត្ថបទរាយការណ៍ស៊ីជម្រៅ៖ ឧបាយកលប្រើទិន្នន័យ Google Map របស់មេខ្លោងក្រុមជ្រុលនិយម ត្រូវបានបកអាក្រាត

ចែករំលែក៖

ភ្នំពេញ ៖ ការបង្កើតព័ត៌មានក្លែងក្លាយ ដោយមេខ្លោងក្រុមជ្រុលនិយម បានចេញពីរឿងមួយចូលរឿង មួយ ដែលសុទ្ធសឹងតែជាព័ត៌មានដុតបញ្ឆេះកំហឹងពលរដ្ឋឱ្យខឹងសម្បារដើម្បីញុះញង់នាំប្រទេស ដែលមានសន្តិភាព ធ្លាក់ក្នុងអំពើចលាចលសង្គ្រាម។

បន្ទាប់ពីបរាជ័យផ្ទួនៗ ក្នុងនោះការមិនអាចបញ្ឆេះកំហឹងពលរដ្ឋក្នុងការរារាំងការជីកព្រែកហ៊្វូណនតេជោ អំពើបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងការយកលំនាំតាមបដិវត្ត Gen Z តាមប្រទេសបង់ក្លាដេស្ហ និងអំពើបរាជ័យ ក្នុងឧបាយកលចោទប្រកាន់លើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា វៀតណាម និង ឡាវនោះមកទណ្ឌិត សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយមបានដុតរឿងថ្មីមួយទៀត នៃការយកព័ត៌មានមិនពិត តាមរយៈផែនទី Google មកផ្សព្វផ្សាយដើម្បីការដុតកំហឹងពលរដ្ឋខ្មែរ នូវការចោទថាមានបាត់បង់ទឹកដីខ្មែរ កាត់ឱ្យទៅប្រទេសវៀតណាម ដែលជារឿងមួយនៃចំណុចរសើប និងធ្លាប់ទាញឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមកាល ពីអតីតកាលខែមីនាឆ្នាំ១៩៧០។

ការស្វែងរកព័ត៌មាននៅលើ Google អាចរហ័ស និងទាន់ចិត្ត ប៉ុន្តែមិនមែនសុទ្ធតែជាព័ត៌មាន ដែលគួរឱ្យទុកចិត្តទាំងអស់នោះទេ ជាពិសេសការសិក្សាស្រាវជ្រាវផ្នែកច្បាប់ និងការស្រាវជ្រាវលើការបោះបង្គោលនៃខណ្ឌសីមាព្រំដែននោះឡើយ។

ខាងក្រោមនេះគឺជាការលើកឡើងរបស់យុវជន ផូ សោភ័ណ្ឌ អ្នកជំនាញផ្នែក IT ៖

«ព្រំដែនដែលត្រូវបានកំណត់ដោយមហាអំណាចអាណានិគម គឺជាព្រំដែនស្ថាពរ ដែលមិនអាចសើររើបាន ឬក៏ទាមទាបាននោះឡើយ។ នេះគឺជាច្បាប់អន្តរជាតិបង្កើតឡើងក្រោយពេលបង្កើតUN ហើយដោយសារតែច្បាប់នេះហើយទើបកម្ពុជាឈ្នះក្តី ប្រាសាទព្រះវិហារពីប្រទេសសៀម ពីថៃ។ យ៉ាងណាមិញ ជម្រាបពុក ម៉ែ បងប្អូន កូនក្មួយទាំងអស់គ្នា ឃើញថា ប្រជាជនយើង មានជនខិលខូច ជនបំពុលសង្គមតែមួយក្តាប់តូចទេ ដែលអង្គុយរកព្រឹត្តិការណ៍, អង្គុយបង្កើតព្រឹត្តិការណ៍, អង្គុយបំភ្លៃការពិត ដើម្បីឱ្យប្រជាជនមានការយល់ច្រឡំ និងភ័ន្តច្រឡំ លើរាជរដ្ឋាភិបាលរបស់ខ្លួន ធ្វើដើម្បីតែប្រយោជន៍, ដើម្បីតែគាំទ្រ, ដើម្បីឲ្យខ្មែរឈ្លោះខ្មែរ, ខ្មែរខឹងខ្មែរ។

យ៉ាងណាមិញ ករណីបង្ហោះផ្សាយព័ត៌មាន យកប្រភពពីGoogle ដែលជាប្រភពមិនផ្លូវការ អំពីករណីបង្គោលព្រំដែនកម្ពុជា វៀតណាម បានខិតចូលទៅក្នុងទឹកដីកម្ពុជា ដែលជាព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលជនខិលខូចកំពុងតែបំពាន ហើយនិងបំភ្លៃការពិត ដើម្បីប្រយោជន៍ខ្លួនឯង ហើយចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាលកម្ពុជា។ សូមពុក ម៉ែប្អូនកូនក្មួយទាំងអស់ មេត្តាកុំចែកចាយកបន្តដើម្បីភាពពុលដល់សង្គមខ្លួនឯង។

ខ្ញុំលើកឧទាហរណ៍ងាយៗអំពីGoogle ក្នុងនាមខ្ញុំជាអ្នកបច្ចេកទេស, ក្នុងនាមខ្ញុំជាអ្នកIT, ក្នុងនាមខ្ញុំជាអ្នកព័ត៌មានវិទ្យា។ ក្នុងgoogle ដើម្បីមានទីតាំង គេត្រូវធ្វើការដៅ គេធ្វើការចុះទៅក្នុងgoogle។ ឧទាហរណ៍ ខ្ញុំចង់ចុះទីតាំងរបស់ក្រុមហ៊ុនខ្ញុំមួយ ខ្ញុំមានក្រុមហ៊ុនមួយដែលមានទីតាំងនៅបុរីពិភពថ្មីចំការដូង ស្រាប់តែខ្ញុំរកស៊ីបាន៣ខែ ទីតាំងនោះវាមិនអំណោយផល ខ្ញុំបានប្តូរទីតាំងនោះមកប៉េងហួតបឹងស្នោរ។ ខ្ញុំត្រូវធ្វើការចុះប្តូរ បម្លាស់ទីតាំងពីចម្ការដូងមកប៉េងហួតបឹងស្នោរ ហើយរង់ចាំរយៈពេល២៤ម៉ោង ដើម្បីអនុម័តពីក្រុមហ៊ុនgoogle។

ខ្ញុំចង់ជម្រាបកន្លែងហ្នឹង អញ្ចឹងខ្ញុំអាចធ្វើការផ្លាស់ប្តូរបាន ដោយវាមិនបានកំណត់សម្គាល់ថាទីតាំងហ្នឹង គឺជាកម្មសិទ្ធិរបស់ខ្ញុំនោះទេ។ ឆ្លើយតបយ៉ាងណាមិញចំពោះទិសដៅ ចំពោះផែនទី ចំពោះអ្វីដែលគេកំណត់នៅក្នុងgoogle អាស្រ័យទៅលើជនដែលគាត់បង្កើត សួរថាគេយកផ្លូវការបានទេ? គេមិនអាចតាមgoogle map ជាផែនទីផ្លូវការនោះទេ បើគេយកបាន គេមិនចាំបាច់មានបង្កើត នឹងតម្កល់ផែនទីទេ ដូចខ្ញុំបានជម្រាបពីដើមទីថា ព្រំដែនដែលត្រូវកំណត់ដោយប្រទេសមហាអំណាច ដោយមហាអំណាចអាណានិគម គឺជាព្រំដែនស្ថាពរ មិនមែនព្រំដែន នៅក្នុងgoogle map ទេ។

ហេតុអ្វីបានជាបងប្អូនយើងនៅតែរកវិធីសាស្ត្រ ដើម្បីជាន់ពន្លិចខ្មែរគ្នាឯង ដើម្បីពង្វក់ខ្មែរគ្នាឯងអញ្ចឹង។ ក្នុងនាមខ្ញុំជាខ្មែរ ក្នុងនាមខ្ញុំជាកូនខ្មែរ ក្នុងនាមខ្ញុំជាខ្មែរមួយរូបសូមទទូចអង្វរដល់បងប្អូនខ្មែរគ្រប់រូប ទោះបីជាអ្នកចេះដឹងជ្រៅជ្រះក្តី អ្នកមិនសូវមានចំណេះដឹងជ្រៅជ្រះក្តី សូមជឿដោយបញ្ញា សូមគិតដោយពិចារណា កុំជឿតាមរយៈបណ្តាញសង្គមដែលគេបំផុសបំផុល ហើយនិងចង់ពន្លិចរាជរដ្ឋាភិបាល ក៏ដូចជាជាន់ពន្លិចជាតិសាសន៍ខ្លួនឯងខ្លាំងពេក។ មនុស្សមួយក្តាប់តូចដែលកំពុងតែឈ្លក់វង្វេង និងចង់បានចំនួនអ្នកមើលចំនួនអ្នកតាមដាន ចំនួនអ្នកទស្សនានេះណា ភ្លេចគិតនូវគុណធម៌សីលធម៌នៅក្នុងខ្លួនអស់ហើយ ហើយមិនដឹងថា ជនមួយនោះស្ថិតនៅក្នុងជននិយមមួយក្តាប់តូចឬមួយក៏អត់ទៀត វាអាចកំណត់ចូលបាន ក៏ថាបានអរគុណ»។

ការស្វែងរកព័ត៌មានរបស់ Google ខ្លះអាចជាព័ត៌មានហួសសម័យ និងខុសពីការពិតដែលមាន បច្ចុប្បន្ន ឧទាហរណ៍ទិដ្ឋភាពនៃព្រំដែនរបស់ឥណ្ឌា-ប៉ាគីស្ថាន និងតាមតំបន់មួយចំនួន ដែល ក្រុមអ្នកធ្វើនយោបាយជ្រុលនិយម តែងប្រើប្រាស់ដើម្បីការអូសទាញអារម្មណ៍របស់ពលរដ្ឋ ក្នុងទង្វើដ៏ឆ្កួតលេលា ជាពិសេសក្រុមដែលចង់អូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម តាមលេសកម្ពុជាកាត់ទឹកដី ឬលក់ដីឱ្យវៀតណាម។

រំលឹកកាលពីឆ្នាំ១៩៧០ គឺ ៥៤ឆ្នាំមុននេះ ការបំផ្លោងពាក្យចចាមអារ៉ាមថា អតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ បានកាត់និងលក់ទឹកដីឱ្យវៀតណាមខាងជើង បានជំរុញឱ្យការធ្វើបាតុកម្មផ្តួលរំលំរបបសង្គមរាស្ត្រនិយមដឹកនាំដោយសម្តេចព្រះបរមរតនកោដ្ឋ នាពេលនោះ។ អំពើបះបោរផ្តួលរំលំថ្ងៃទី១៨មីនាឆ្នាំ១៩៧០ បានជំរុញឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលជាង៥ឆ្នាំ និងក្រោយមកក៏បានរុញច្រានប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហមរវាងពីថ្ងៃទី ១៧មេសាឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦មករាឆ្នាំ ១៩៧៩។

ក្នុងជំនាន់របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត អៀង សារី និង ខៀវ សំផន មានពលរដ្ឋខ្មែរជាងបីលាននាក់ ត្រូវបានស្លាប់ដោយអំពើកាប់សម្លាប់រង្គាលនិងភាពអត់ឃ្លាន និងការធ្វើទុក្ខបុកម្នេញ យ៉ាងសែនទារុណនិងឃោរឃៅ។ អ្វីៗកើតឡើងរួចមកនោះ គឺផ្តើមដោយសារលេសចោទប្រកាន់ថាអតីតព្រះមហាក្សត្របានលក់ទឹកដីឱ្យយួនយៀងកុង យៀកណាមខាងជើង។

តើគេមានរកឃើញថា អតីតព្រះមហាក្សត្រខ្មែរ បានលក់ដី ឬ កាត់ដីខ្មែរឱ្យវៀតណាមដែរ ឬ ទេ? ចម្លើយគឺគ្មានទាល់តែតែសោះ។ វាគឺជានយោបាយកុហកនិងប្រជាភិថុតិបោកប្រាស់ ប្រជាពលរដ្ឋសុទ្ធសាធ។ ពេលនេះ លេសដើម្បីអូសទាញខ្មែរ ដើម្បីឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម បានលេចចេញ មកសាជាថ្មីវិញហើយ តាមរយៈការញុះញង់សម្តីរបស់មេខ្លោងក្រុមឧទ្ទាម ដែលនិយាយថា មានទឹកដីខ្មែររងការបាត់បង់ទៅវៀតណាមដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែតើមានការពិតដែរឬទេ? តើគេជឿ ទៅលើផែនទីរបស់ក្រុមហ៊ុនឯកជន Google Maps ឬជឿលើសម្តីញុះញង់របស់មេខ្លោង ក្រុមជ្រុលនិយមជាជាងជឿ លើផែនទីពិតប្រាកដរបស់ខ្មែរដែលរក្សាតម្កល់នៅអង្គការសហប្រជាជាតិ?

ខាងក្រោមនេះគឺជាការបញ្ជាក់ពីមន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់កិច្ចការព្រំដែនលោក ស្រ៊ឺ បូរ៉ា៖

«ខ្ញុំបាទសូមបង្ហាញនូវផែនទី ដែលជាផែនទីមូលដ្ឋាន ហើយក៏ជាផែនទីដែលបន្សល់ទុកដោយ អាណានិគមបារាំង។ ផែនទីនេះយើងហៅឈ្មោះថា ផែនទី«បោន» មាត្រដ្ឋានលើ ១/១០០.០០០ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន។ ហើយផែនទីនេះទៀតសោត ក៏ជាផែនទីដែលត្រូវបានសម្តេចព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ ដែលជាផែនទីផ្លូវការតែមួយគត់ ដែលយើងយកមកប្រើក្នុងការងារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។

សម្រាប់ព្រំដែនទាំង១,២៧០គីឡូម៉ែត្រ យើងមានផែនទីនេះ ចំនួន២៦ផ្ទាំងដូចដែលសាធារណ:ជន បងប្អូនជនរួមជាតិបានឃើញហើយ ខ្ញុំបានដាក់ខែខ្សែក្រហម នៅលើផែនទីនេះគឺជាខ្សែព្រំដែន។ អញ្ចឹងជាកិច្ចបន្ទាប់ ខ្ញុំនឹងយកខ្សែនេះទៅដាក់នៅលើផែនទី Google ។ ផែនទី Google គឺជាផែនទីរបស់ក្រុមហ៊ុនឯកជនទេ ហើយក្រុមហ៊ុននេះ គឺគាត់មានបំណងរកស៊ីបែបជាពាណិជ្ជកម្ម អញ្ចឹងក្រោយពេលដែល ខ្ញុំយកខ្សែព្រំដែនយកមកដាក់នៅលើផែនទី Google អញ្ចឹងខ្ញុំបានសិក្សាមើលទៅឃើញមានជាច្រើនចំណុច គឺខ្សែព្រំដែនរវាងផែនទីរបស់ Google និងខ្សែព្រំដែនរវាងផែនទីផ្លូវការរបស់យើងហ្នឹង គឺជ្រួសគ្នា ឬក៏ចេញចូលៗមិនត្រូវគ្នាទេ។ ដូច្នេះនៅក្នុងឱកាសនេះខ្ញុំសុំលើកយកតែបួនទីតាំងទេ គឺនៅក្នុងខេត្តរតនគិរី ចំនួនពីរទីតាំង ហើយនិងខេត្តត្បូងឃ្មុំចំនួនពីរទីតាំង។

អញ្ចឹងទីតាំងទី១ ដូចដែលបងប្អូនបានហើយ ខ្សែពណ៌សនេះ គឺជាខ្សែរបស់ក្រុមហ៊ុន Googleឯខ្សែពណ៌ក្រហមចេញចូលៗនេះ គឺជាខ្សែផ្លូវការដែលស្រង់ចេញពីផែនទីផ្លូវការរបស់យើងគឺផែនទីបោនដែលបានបោះបង្គោលនៅលើដីជាក់ស្តែងរួចហើយ ក៏ដូចជាខណ្ឌសីមារួចរាល់ដែរ។ គឺនៅក្នុងនេះ ចាប់ពីបង្គោលលេខសូន្យលើបួន រហូតដល់បង្គោលព្រំដែនលេខពីរ អញ្ចឹងបងប្អូនអាចមើលឃើញជាក់ស្តែងគឺខ្សែចេញចូល។ ទីតាំងទីពីរ គឺនៅក្នុងភូមិសាស្រ្តខេត្តរតនគិរីដូចគ្នា គឺនៅក្នុងចន្លោះបង្គោលព្រំដែន លេខដប់មួយទៅដល់ដប់មួយលើបី អញ្ចឹងដូចបងប្អូនឃើញដូចគ្នា ខ្សែពណ៌សនេះ គឺបានបញ្ជាក់ច្បាស់ពីព្រំដែនកម្ពុជានឹងវៀតណាម ប៉ុន្តែខ្សែព្រំដែនផ្លូវការរបស់យើង គឺបានខិត ដែលនៅក្នុងនេះគឺអត់ត្រូវគ្នាទេ។

ចំណុចទីបី គឺនៅក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ ខ្ញុំបានយកមួយផ្នែកតូចមួយ នៃចន្លោះនៅតំបន់បង្គោលព្រំដែនលេខ៨៨។ អញ្ចឹងយើងឃើញដូចគ្នា ឃើញថាខ្សែដែលយើងឯកភាពផ្លូវការហើយ នឹងខ្សែព្រំដែនរបស់ Google ក៏មិនត្រូវគ្នាដែរ។ ចំណុចទីបួន គឺនៅក្នុងខេត្តត្បូងឃ្មុំដូចគ្នា គឺនៅភូមិថ្លុកត្រាច ជាក់ស្តែងនៅភូមិថ្លុកត្រាចនេះ ដែលយើងបានឯកភាពគ្នារួចហើយគឺស្ថិតនៅក្នុងទឹកដីនៃព្រះរាជណាចក្រកម្ពុជា ដូច្នេះជាសរុបមក តាមរយៈការបង្ហាញជាឧទាហរណ៍នៅបួនទីតាំងនេះ ខ្ញុំសូមសាធារណៈជនមេត្តាជ្រាបថា ផែនទីផ្លូវការរបស់យើង ខ្សែព្រំដែនផ្លូវការរបស់យើង គឺមានតែនៅលើផែនទីបោនខ្នាតមួយលើមួយរយពាន់ដែលពួកយើងបានឯកភាពគ្នាតែប៉ុណ្ណោះ។

ចំពោះផែនទីទាំងឡាយណា យកចេញពីប្រភពក្រៅផ្លូវការណាមួយ ទិញពីទីផ្សារ ឬ បោះពុម្ភដោយក្រុមហ៊ុនឯកជនណាមួយ មិនថាអន្តរជាតិឬជាតិទេ គឺមិនត្រូវបានយកមកប្រើប្រាស់ធ្វើជាមូលដ្ឋានក្នុងការពិចារណាគិតគូរដល់ខ្សែព្រំដែនឡើយ»។

កម្ពុជាដើម្បីតែបញ្ចប់សង្គ្រាមស៊ីវិល ដែលផ្តើមមកដោយពាក្យចចាមអារាមចោទថាអតីតព្រះមហាក្សត្រខ្មែរបានកាត់ដីលក់ទៅឱ្យយៀកកុង យៀកណាមខាងជើងនោះ បានរង នឹងវិបត្តិកលយុគសង្គ្រាមក្នុងស្រុករយៈពេលជិត៣០ឆ្នាំ។

បើគ្មាននយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាដើមឆ្នាំ១៩៩៦ និង បានធ្វើឱ្យប្រទេសកម្ពុជាបានអស់សង្គ្រាមនាចុងឆ្នាំ១៩៩៨នោះទេ ម្ល៉េះកម្ពុជាមិនមានសន្តិភាពពិតប្រាកដ និងការឯកភាពទឹកដីទាំងស្រុងក្នុងរយៈកាលជាង២០ឆ្នាំចុងក្រោយនេះដែរ។ សំណួរនោះគឺថា តើកម្ពុជានឹងវិលត្រឡប់ទៅកាន់អំពើញុះញង់រឿងបាត់ដីដោយសារវៀតណាម យោងតាមអំពើចាក់ចុចរបស់សម្តីមេខ្លោងទណ្ឌិត សម រង្ស៊ី ដែលជាពូជពង្សនៃត្រកូលក្បត់ជាតិ តាមដូនតារបស់ខ្លួនទៀតនេះដែរ ឬ ទេ? 

ក្រុមជ្រុលនិយម ដើម្បីតែមហិច្ឆតាចង់កាន់អំណាច បានប្រើប្រាស់វិធីដុតកំហឹងប្រទេសខ្មែរ តាមវិធីដែលអតីតអ្នកនយោបាយជ្រុលនិយម ធ្លាប់បានប្រើពីអតីតកាលដើម្បីការទាញសភាព ការណ៍កម្ពុជាឱ្យធ្លាក់ក្នុងអំពើចលាចលសាជាថ្មីឡើងវិញ។

បើសិនជាឧបាយកលនេះបានសម្រេច តើរំពឹងមើល នឹងមានអ្វីកើតឡើងទៀតចំពោះកម្ពុជា? ហើយតើនរណា? វីរជនណា? ក្រុមណា? ដែលនឹងមកពន្លត់ អំពើចលាចលសាជាថ្មីក្នុងប្រ ទេសកម្ពុជានេះទៀតបាន? តើកម្ពុជា គួរតែដើរតាមដាននៃគន្លងចាស់របស់ខ្លួន ដោយសារតែការប្រឌិតនូវព័ត៌មានក្លែងក្លាយ របស់ក្រុមជ្រុលនិយមនោះទៀតដែរឬទេ? ពលរដ្ឋខ្មែរត្រូវភ្ញាក់ខ្លួនឡើង ដោយមិនត្រូវចាញ់បោកនូវឧបាយកលរបស់ទណ្ឌិត សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយម ដែលមានត្រកូលក្បត់ជាតិបីជំនាន់រួចមកនេះឡើយ។

ដូច្នេះ ការដែលយកផែនទី google map ឬផែនទីដែលបានមកពីប្រភពផ្សេងៗមកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន គឺជារឿងមិនត្រឹមត្រូវ និងមិនអាចយកជាការបានឡើយ។ ប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជាផង ធ្លាប់បានធ្វើការតវ៉ាទៅក្រុមហ៊ុន google អំពីការបង្ហោះផែនទី ដែលមិនស្រប នឹងផែនទីកំណត់ព្រំដែនរដ្ឋនៃប្រទេសរៀងៗរបស់ខ្លួនទាំងនេះផងដែរ។

ម្យ៉ាងទៀត ក្នុងការងារកំណត់ព្រំដែនរវាងរដ្ឋ និងរដ្ឋ គេមិនអាចយកផែនទី google map មកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនបានជាដាច់ខាត។ សូមពលរដ្ឋខ្មែរ ឈប់ចាញ់បោកនូវសម្តីបោកប្រាស់របស់ទណ្ឌិតសម រង្ស៊ី និងងាកមកជួយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដើម្បីរួមគ្នាកសាងប្រទេសកម្ពុជាដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ជាពិសេសការ នាំប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណួលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេស មានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០៕

ដោយ ៖ កូនខ្មែរ


ចែករំលែក៖