ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវបានក្រសួងមហាផ្ទៃយកចិត្តទុកដាក់ក្នុងពង្រឹងវិធានការគ្រប់គ្រង ប្រើប្រាស់ និងទប់ស្កាត់ការចរាចរនាំចូលតាមព្រំដែនដោយខុសច្បាប់ ជាពិសេសការគ្រប់គ្រងអាវុធក្នុងចំណោមមន្ត្រីត្រូវបានពង្រឹងយ៉ាងតឹងរឹងបំផុត។ លោកក៏បានវាយតម្លៃជារួមថា ការគ្រប់គ្រងអាវុធជាតិផ្ទុះគឺមានភាពល្អប្រសើរច្រើន បើទោះបីជាមានជាអន្លើណាមួយនោះក៏ដោយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃ ដែលសេនាធិការរាជរដ្ឋាភិបាលលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ បានផ្ដោតការយកចិត្តទុកដាក់ទៅលើវិធានការមុខព្រួយចំនួន២ គឺ១)ការគ្រប់គ្រងអាវុធពីផ្ទៃក្នុងនៃចំណោមមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ និង២)ការទប់ស្កាត់ការចរាចរអាវុធឆ្លងដែនខុសច្បាប់។
ជុំវិញវិធានការផ្ទៃក្នុង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានរៀបរាប់ឱ្យថា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយរាល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃទាំងឡាយណាដែលកាន់កាប់អាវុធខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរ បន្ថែមពីការផ្ដន្ទាទោសតាមអំណាចតុលាការ។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា ក្នុងករណីមន្ត្រីក្រសួងមហាផ្ទៃមានការប្រើប្រាស់អាវុធ ត្រូវតែធ្វើលិខិតស្នើសុំកាន់អាវុធឱ្យបានស្របច្បាប់ ត្រឹមត្រូវ មិនអាចកាន់អាវុធដោយអនាធិបតេយ្យ ឬតាមតែលទ្ធភាពរបស់ខ្លួន តាមរយៈការទិញពីប្រភពផ្សេងៗបានឡើយ។
ចំណែក មុខព្រួយទី២ គឺមហាជនទូទៅ ដោយក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ទៅលើវិធានការទប់ស្កាត់ការចរាចរអាវុធឆ្លងដែនខុសច្បាប់ ខណៈកន្លងទៅ កម្លាំងមានសមត្ថកិច្ច ក៏ចាប់បានការចរាចរអាវុធឆ្លងដែនខុសច្បាប់ចូលកម្ពុជាមួយចំនួន។ ទន្ទឹមគ្នានេះ កម្លាំងមានសមត្ថកិច្ច ក៏បានដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវនៅពេលយប់ដើម្បីត្រួតពិនិត្យរាល់ការល្មើសច្បាប់ផ្សេងៗ ពិសេសការដាក់តាមខ្លួន ឬប្រើប្រាស់អាវុធដោយខុសច្បាប់ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដដែល។
លោកអ្នកនាំពាក្យរងរូបនេះ អះអាងថា តាមរយៈវិធានការទាំងនេះមានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ បើទោះបីជាមានករណីជាអន្លើបានកើតមានឡើងក៏ដោយ។ លោក សង្កត់ធ្ងន់ថា ជនល្មើសតែងមានកលល្បិច លាក់លៀមរក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់។ តែយ៉ាងនេះក៏ដោយ នៅពេលមានបទល្មើស សមត្ថកិច្ចបានដាក់ចេញវិធានការ រហូតចាប់បានជនល្មើសបានទាន់ពេលវេលា។
សូមរម្លឹកដែរថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានដកចេញពីក្របខ័ណ្ឌចំពោះមន្ត្រីរូបណា ដែលបានប្រើប្រាស់អាវុធខុសច្បាប់ ដោយមិនមានការអនុញ្ញាត ឬឱ្យអ្នកដទៃខ្ចីអាវុធរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើកម្លាំងនគរបាលបានប្រើប្រាស់អាវុធដោយខុសច្បាប់ មិនមានការអនុញ្ញាត ឬមួយបានយកអាវុធរបស់ខ្លួនទៅឱ្យអ្នកដទៃខ្ចីនោះ លោកយល់ថា មិនចាំបាច់ទុកក្នុងក្របខ័ណ្ឌទៀតនោះទេ គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដងទៅ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រើប្រាស់អាវុធដោយខុសច្បាប់ មិនមានការគ្រប់គ្រងត្រឹមត្រូវបែបនេះ នឹងអាចបង្កជាគ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋទូទៅ ជាពិសេសការប្រើប្រាស់អាវុធ ដោយគ្មានច្បាប់អនុញ្ញាតនេះ នឹងឈានរហូតដល់ការប៉ះពាល់ដល់អាយុជីវិតអ្នកដទៃថែមទៀតផង។ ដូច្នេះ ក្នុងនាមជាប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ បន្តត្រួតពិនិត្យលើការងារនេះបន្ថែមទៀត ខណៈកន្លងទៅ ក្រសួង ក៏បានប្រមូលអាវុធពីអ្នកដែលយាមតាមក្រុមហ៊ុនធំៗមួយចំនួនរួចហើយ ដែលអាចនៅសេសសល់តិចតួចប៉ុណ្ណោះ៕
ដោយ៖ តារា