ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានប្ដេជ្ញាបន្តសហការអនុវត្តលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ។
ការប្ដេជ្ញាបែបនេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខា លើផែនការការងារស្តីពី ការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្ទាប់ពីបានអនុវត្តដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩មក រវាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង។
ការចុះហត្ថលេខា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។
បន្ទាប់ពីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការ លោកអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការនានា ដែលភាគីចិនបាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខ មានទាំងការផ្តល់សម្ភារបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម ។
ជាមួយគ្នានេះ លោក វ៉ាង ស៊ាវហុង ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នាពេលកន្លងមក ព្រមទាំងបានបង្ហាញក្ដីសង្ឃឹមជឿជាក់ខ្ពស់នៅក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កា ហើយភាគីចិន នៅតែបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារផ្សេងៗផងដែរ ។
ទន្ទឹមនឹងការផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗមួយចំនួន ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់នូវអំណរសាទរ ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចទាំងពីរលើក របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ជាពិសេសការឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដោយបានចុះហត្ថលេខាលើផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី សម្រាប់ឆ្នាំ២០២៤-២០២៨។
សូមជម្រាបថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ បានសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ដែលមានទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម ៕
ដោយ៖ តារា