ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ចោមចៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះឡើងទៅលើផ្ទះរបស់កីឡាករប្រដាល់សេរី ក្បាច់គុនខ្មែរបុរាណ ភុំ សារ៉ាយ ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១២៤ ក្នុងភូមិ៤ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលេីមានឈ្មោះ សួស សារ៉ាត់ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្លូវលេខ៧ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ។ ដោយជននេះធ្លាប់ចូលមណ្ឌលកែប្រែគ្រឿងញៀនចំនួន៣លើករួចមកហើយ ។ ចំណែកម្ចាស់ផ្ទះកើតហេតុខាងលើឈ្មោះ ភុំ សារ៉ាយ អាយុ៤៩ឆ្នាំ ជាកីឡាករប្រដាល់សេរី ក្បាច់គុនខ្មែរបុរាណ មានទីលំនៅកើតហេតុខាងលើ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលវេលាម៉ោងខាងលើជនសង្ស័យម្នាក់រូបនេះ បានឡើងលេីផ្ទះជនរងគ្រោះសម្ងំនៅក្នុងបន្ទប់ទឹកលើផ្ទះជាន់ទី២ ។ ខណៈនោះត្រូវបានលោកភុំ សារ៉ាយ ដែលប្រទះឃើញទាន់ ក៏បានស្រែកឆោឡោ និងហៅឲ្យជននោះចេញក្រៅ បន្ទាប់មកអ្នកភូមិបាននាំគ្នាឡោមព័ទ្ធចាប់បានភ្លាមៗ រួចប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅទី២ ចាត់ការតាមច្បាប់។
ក្រោយពេលកើតហេតុ ជនរងគ្រោះលោក ភុំ សារ៉ាយ និងប្រជាពលរដ្ឋបានចោទប្រកាន់ថា ជនសង្ស័យថាប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់គាត់ និងស្នើរសុំអោយនគរបាលចាត់ការតាមច្បាប់ ។ ប៉ុន្តែក្រោយពេលនគរបាលពិនិត្យជាក់ស្ដែង ទើបដឹងថាជនសង្ស័យបែកថ្នាំរត់ឡើងលើផ្ទះនោះប៉ុណ្ណោះទេ និងគ្មានភស្តុងតាងដើម្បីដាក់បន្ទុកថាប៉ុនប៉ងលួចឡើយ ។ ទើបក្រោយមកទៀតលោកភុំ សារ៉ាយ អត់ដាក់ពាក្យប្ដឹងនោះទេ និងឯកភាពឲ្យនគរបាលបញ្ជូនជនសង្ស័យទៅកាន់មណ្ឌលកែប្រែគ្រឿងញៀនជាលើកទី៤ ៕
ដោយ ៖ ភារ៉ា ដង្កោ