ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចាកចេញពីសាធារណរដ្ឋប្រជាមានិតចិន ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៥-០៧ ខែកញ្ញា ឆ្នាំ២០២៤។
ការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយ លោកអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ៕
ដោយ ៖ សិលា