ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធករណីលួចសម្ភារៈរោងចក្រ យូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត។
យោង តាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ប៉ាវ សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង និងឈ្មោះ សោម សុម្ភ: ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួម៖ ដែកស្បែងចំនួន០១, ម៉ូតូ០១គ្រឿងម៉ាក.MX KING ពណ៌ទឹកសមុទ្រ ស្លាកលេខ ស្វាយរៀង 1U 7141 (មធ្យោបាយធ្វើសកម្មភាព), ដុំក្រាម ស ថ្លា សង្ស័យសារធាតុញៀន ១កញ្ចប់ (ក្នុងកែបម៉ូតូ)។
ប្រភពបន្តថា នៅវេលា ម៉ោង១០និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានទទួលបណ្ដឹង០១ច្បាប់ ពីប្រធានសន្តិសុខ រស់នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង បានប្ដឹងថា កាលពីវេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៤ នៅរោងចក្រ យូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីចោរលួចចូលគាស់យករបស់របរក្នុងរោងចក្រ ហើយត្រូវសន្តិសុខដើរល្បាតក្នុងរោងចក្រ ឃាត់ខ្លួនបាន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ចុះដល់កន្លែងកើតហេតុ និងនាំខ្លួនមកសាកសួរ។
នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ាវ សុវណ្ណ បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១ជាងរំលងអធ្រាត្រ ពួកខ្លួនចំនួន០៦នាក់មាន៖
១/ឈ្មោះ សោម សុម្ភ: (ឃាត់ខ្លួន)
២/ឈ្មោះ នៅ ភេទប្រុស នៅភូមិស្វាយគយ ឃុំពពែត ស្វាយទាប ខេត្តស្វាយរៀង។
៣/ឈ្មោះ រ៉េត ភេទប្រុស នៅភូមិត្រពាំងរុនខាងកើត ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។
៤/ គឺរូបខ្លួនផ្ទាល់ រីឯ០២នាក់ទៀត មិនស្គាល់ឈ្មោះ និងទីលំនៅ ដោយពួកគេបានចូលក្នុងរោងចក្រ មានគោលបំណងលួចរបស់របរ ក្នុងរោងចក្រពិតប្រាកដមែន។
ហើយ កាលពីថ្ងៃទីមិនចាំក្នុងខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០១ជាងរំលងអធ្រាត្រពួកខ្លួនទាំង៦នាក់ក៏ធ្លាប់ចូលលួចយករបស់របរក្នុងរោងចក្រយូលីបានខ្សែភ្លើងចំនួន០៥គីឡូ ទៅលក់ឲ្យអ្នកទិញអេតចាយតាមភូមិមិនស្គាល់អត្តសញ្ញាណ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ សមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដើម្បីចាត់ការបន្តតាមច្បាប់ រីឯបក្ខពួកនៅសេសសល់ សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តដើម្បីស្វែងរកចាប់ខ្លួនអោយខាងតែបាន៕
ដោយ៖ សុថាន