ព័ត៌មានទាន់ហេតុការណ៍៖

ម្សិលមិញ! សមត្ថកិច្ចចេញប្រតិបត្តិការបង្រ្កាបបទល្មើសជលផលពីគោលដៅ នៅស្រុកកណ្ដៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចសហការចុះពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល)២គោលដៅផ្សេងគ្នា ក្នុងភូមិសាស្រ្តស្រុកកណ្ដៀង ដោយរឹបអូសនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល ដើម្បីយកទៅបន្តនីតិវិធី និងបំផ្លិចបំផ្លាញចោលផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកនាយខណ្ឌរដ្ឋជលផលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកនាយខណ្ឌរដ្ឋបាលជលផលឱ្យដឹងទៀតថា គោលដៅទី១ធ្វើឡើងនៅចំណុចភូមិសាស្ត្រ ភូមិ-ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលបង្រ្កាបឧបករណ៍រួមផ្សំ(ឈ្នក់)ដោយរឹបអូសសាច់(ឈ្នក់)០២គ្រឿង អាគុយចំនួន០៥ អំពូលភ្លើងចំនួន០៥ អាំងវែទ័រចំនួន០៥ ខ្សែភ្លើងប្រវែង៥០ម៉ែត្រ ខ្សែរួមផ្សំប្រវែង២៥០០ម៉ែត្រ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ(ជលផល)យកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធី ។

លោកបញ្ជាក់បន្ថែមទៀតថា គោលដៅទី២ ធ្វើឡើងនៅចំណុចជ្រោយក្សុំ និងព្រែករាំងទិល ស្ថិតនៅភូមិចារុះ និងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផល បំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង(របាំងសាច់អួនក្រឡាល្អិតៗចំនួន១២ខ្សែ ស្មើនឹងប្រវែងចំនួន៣.២៥០ម៉ែត្រ ក្បាល(បរ)ចំនួន២១គ្រឿង បង្គោលចម្រឹងចំនួន១.០៨០ដើម និងចាក់លែងត្រីចម្រុះល្អិតៗចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ចំនួន៦០គីឡូក្រាមវិញផងដែរ ។

លោកនាយខណ្ឌរដ្ឋបាលជលផលបញ្ជាក់បន្តទៀតថា ករណីបង្រ្កាបឧបករណ៍រួមផ្សំខុសច្បាប់ស្ដីពីជលផលខាងលើ មន្ត្រីជំនាញនៅតែបន្តកិច្ចសហការជាមួយកងកម្លាំងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបជាប្រចាំ ៕ ដោយៈ ប៉ឹម ពិន


ចែករំលែក៖