ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ភាគីពាក់ព័ន្ធ បង្កើនកិច្ចសហការល្អ ដើម្បីជំរុញចលនា នៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែប្រកបដោយភាពប្រកួតប្រជែង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងសម្របសម្រួលប្រកបដោយភាពរស់រវើក សហ-ថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញចលនា នៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

ការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១-សូមធ្វើការផ្ដាំផ្ញើ និងលើកទឹកចិត្ដ ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្រ្ដីរាជការ បុគ្គលិក កម្មករនិយោជិក នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុទាំងអស់ សូមបន្ដខិតខំបំពេញការងារឱ្យកាន់តែប្រសើរ និងខ្លាំងខ្លា ថែមទៀត ព្រមទាំងបន្ដអភិវឌ្ឍ សមិត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីរួមចំណែកក្នុងការធ្វើទំនើបកម្មកំពង់ផែកម្ពុជា កំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។

ទី២-សូមណែនាំ ចំពោះគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សូមបង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញ មុខងារ និងភារកិច្ចក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហ-ថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញចលនា នៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែង។

ទី៣-ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរ, ជាពិសេសការថែទាំសមិទ្ធផលថ្មីនេះគឺ «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា៕

ដោយ ៖ សិលា


ចែករំលែក៖