ខេត្តស្ទឹងត្រែង ៖ ដើម្បីឆ្លើយតបនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរនិងជួយសម្រួលបន្ទុកចំណាយពេលពេលវេលារបស់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈនៅរដ្ឋបាលខេត្តតាមរយៈអង្គភាពច្រកចេញចូលតែមួយ ដោយប្រៃសណីយ៍កម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែងបានយល់ព្រមបង្កើតអនុស្សរណៈយោគយល់ដើម្បីសហការក្នុងការផ្តល់សេវាប្រៃសណីយ៍(សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការក្នុងការប្រើប្រាស់ សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា។
ការសំណេះសំណាលរវាងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ក្នុងឱកាសនោះ លោកអភិបាលខេត្តបានគាំទ្រទាំងស្រុងនូវការចុះអនុស្សរណៈនេះ ក្នុងគោលបំណងកិច្ចសហប្រតិបត្តិការសេវាប្រៃសណីយ៍នូវឯកសាររដ្ឋបាលពីរដ្ឋបាលខេត្ត តាមរយៈអង្កភាពចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ រវាងរដ្ឋបាលខេត្តនឹងប្រៃសណីយ៍កម្ពុជា ។
អនុស្សរណៈនៃការយោគយល់នេះ មានវិសាលភាពអនុវត្តចំពោះតែកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវា ប្រៃសណីយ៍ជូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈពីច្រកចេញចូលតែមួយរបស់ខេត្តតាមការស្ម័គ្រចិត្តរបស់ អតិថិជនតែប៉ុណ្ណោះ។
សូមគូសបញ្ជាក់ផងដែរថា៖ នៅក្នុងឱកាសសំណេះសំណាលដើម្បីសុំការគាំទ្រពីលោកអភិបាលខេត្ត ប្រៃសណីយ៍កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយរដ្ឋបាលខេត្ត និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយរដ្ឋបាលក្រុងស្ទឹងត្រែង៕
ដោយ ៖ សិលា