ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៧កញ្ចប់ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនល្មើសនេះបានធ្វើឡើង កាល​ពីវេលាម៉ោង២២ និង១១នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចលើស្ពានអូរចារ តាមបណ្តោយផ្លូវលេខ១២១០ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនល្មើសដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ ប៉ាវ សុចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់អូឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជាមួយនឹងការឃាត់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចបាន​រឹបអូសវត្ថុតាងពាក់ព័ន្ធរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៧កញ្ចប់ធំ និងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1CY-7036 ។

លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ក្នុងនាមលោកជាអធិការនគរបាលស្រុក បានណែនាំដល់កម្លាំងនគរបាលស្រុកធ្វើការផ្លាស់ប្តូរវេនចេញល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជារៀងរាល់យប់ និងពេលថ្ងៃ ។ ជាក់ស្តែងនោយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលស្រុកបានជិះម៉ូតូចេញល្បាតពីអធិការដ្ឋាន ឆ្ពោះទៅភូមិសាស្ត្រឃុំស្អាងភ្នំ និង ឃុំក្រាំងយ៉ូវ ខណៈល្បាតដល់ចំណុចលើស្ពានអូរចារក៏បានប្រទះឃើញបុរសម្នាក់(ជនល្មើស)កំពុងជិះម៉ូតូ ដោយមានការសង្ស័យសមត្ថកិច្ចបានស្ទាក់ឲ្យឈប់សុំធ្វើការត្រួតពិនិត្យឆែកឆេរ រហូតរកឃើញមានវត្ថុតាងថ្នាំញៀនក៏ឃាត់ខ្លួនជនល្មើស បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនល្មើសឈ្មោះ ប៉ាវ សុចិត្រ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលឃាត់ខ្លួនរូបគេបានទិញគ្រឿងញៀនខាងលើនេះ ពីមេក្លោងកំពុងលាក់ខ្លួននៅម្តុំបឹងឈូក រាជធានីភ្នំពេញ ក្នុងតម្លៃ៩សែនរៀល ។ បន្ទាប់ពីទិញបានគ្រឿងញៀនខ្លួនបានជិះម៉ូតូក្នុងគោលបំណងយកទៅជួញដូរនៅស្រុកព្រៃកប្បាស់ ខេត្តតាកែវ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវក៏ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនតែម្តង ៕ ស្អាងជ័យ

aes (2)

aes

aes (1)


ចែករំលែក៖