ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការពីបទហិង្សាក្នុងគ្រួសារ

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ពីបទហិង្សាក្នុងគ្រួសារ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះប្រើអង្កត់អុសវាយបងស្រីបង្កើតដែលមានជម្ងឺសសៃប្រា​សាទបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ។

មន្ត្រីនករបាលខេត្តកណ្តាលបាឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ុង សារ៉ុម ហៅពិសី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យរូបនេះបានប្រើប្រាស់អង្កត់អុសវាយទៅលើបងស្រីបង្កើតដែលមានជម្ងឺសសៃប្រាសាទ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកស្អាងចាប់ខ្លួន ។ ស្ត្រីរងគ្រោះឈ្មោះ រ៉ុង ណារី ហៅច្រេវ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (ជាមនុស្សមានជម្ងឺសសៃប្រាសាទប្រចាំកាយ) មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានសុំលុយពីជនសង្ស័យជាប្អូនប្រុសចំនួន៥០០០រៀល ដើម្បីយកទៅទិញសាច់គោអាំងហូប ។ ជនសង្ស័យមិនព្រមឲ្យធ្វើឲ្យស្ត្រីរងគ្រោះជាមនុស្សមានជម្ងឺសសៃប្រាសាទឈរចាំទារ ធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បាក៏ទាញអង្កត់អុស​វាយសំពងទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។​ ក្រោយពីមានហេតុការ​ណ៍កើតឡើងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

trd (3)

trd (2)

trd (1)

trd


ចែករំលែក៖