ភ្នំពេញ ៖ ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែកហិរញ្ញវត្ថុ( financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយ ក្រោមរូបភាពធ្វើអំពើសប្បុរសជួយជនរងគ្រោះដោយសារទឹកជំនន់ ក្មេងកំព្រា ជនពិការ បរិស្ថាន និងសត្វពាហនៈជាដើម។
ឧក្រិដ្ឋជនបច្ចេកវិទ្យាអាចប្រើប្រាស់ឈ្មោះអង្គការ ឬជនរងគ្រោះ ដើម្បីស្វែងរកជំនួយនៅលើបណ្តាញសង្គមនានា និងអុីនធឺណេត។ ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់វិធីសាស្ត្រឆបោកដូចខាងក្រោម៖
– សប្បុរសធម៌ក្លែងក្លាយ៖ ឧក្រិដ្ឋជនក្លែងបន្លំ បង្កើតអង្គការសប្បុរសធម៌ក្លែងក្លាយ ឬបង្កើតវេ៉បសាយក្លែងបន្លំស្រដៀងនឹងអង្គការស្របច្បាប់ផ្សេងៗ ដោយប្រើប្រាស់ និមិត្តសញ្ញា និងពាក្យស្លោក ដើម្បីបំភាន់សប្បុរសជន។
– ស្វែងរកមូលនិធិ៖ ឧក្រិដ្ឋជនប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ ឬចែកចាយរូបភាពជនរងគ្រោះដោយសារទឹកជំនន់ ជនពិការ និងក្មេងកំព្រាដើម្បីស្វែងរកមូលនិធិដោយតម្រូវឲ្យសប្បុរសជនបរិច្ចាគថវិកាតាមរយៈគណនីបណ្តាញសង្គម ឬគេហទំព័រក្លែងបន្លំដែលបង្កើតឡើងដោយក្រុមឧក្រិដ្ឋជន។
– លួចយកទិន្នន័យជនរងគ្រោះ៖ ឧក្រិដ្ឋជនលួចប្រមូលយកទិន្នន័យ គណនីធនាគារពីជនរងគ្រោះតាមរយៈតំណភ្ជាប់ក្លែងបន្លំ ដែលជនរងគ្រោះបានធ្វើការបរិច្ចាគប្រាក់ដោយប្រើប្រាស់កាតធនាគារជាដើម។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមរយ:គម្រោងមូលនិធិ ដូចខាងក្រោម៖
– កុំធ្វើការបរិច្ចាកប្រាក់ទៅលើមូលនិធិដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម។
– សូមកុំចុចតំណភ្ជាប់នានាដែលគ្មានប្រភពច្បាស់លាស់ ។
– សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ករណីលោកអ្នកប្រទះឃើញមានគម្រោងឆបោកនានាលើបណ្តាញសង្គម៕
ដោយ ៖ សិលា