ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់វះកាបូបយកទ្រព្យសម្បត្តិជនបរទេស

ចែករំលែក៖

ខេត្តបាត់ដំបង: នៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី11 ខែសីហា ឆ្នាំ2016 នៅចំណុចក្រុមទី13 ភូមិ13 មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីវះកាបូបយកទ្រព្យសម្បត្តិមួយកើតឡើង ដែលមានជនរងគ្រោះឈ្មោះ ស៊ីស្ទើរ ស្ពេនស៊ើរ​ ភេទស្រី អាយុ64ឆ្នាំ ជាជនជាតិអាមេរិក ស្នាក់នៅផ្ទះជួល ក្រុមទី6 ភូមិរំចេក4 សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងថា ខ្លួនបានបាត់កូនកាបូបពណ៌ខៀវ ចំនួន01 ក្នុងនោះមានទូរសព្ទ័ម៉ាកអាយហ្វូនស៊ិក ពណ៌ទឹកមាសលាយ ស ចំនួន01គ្រឿង, ប្រាក់ដុល្លារ30ដុល្លារ, បណ្ណ័បើកបរ និងលិខិតស្នាម មួយចំនួន។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កំលាំងនគរបាលក្រុងបាត់ដំបងបានស្រាវជ្រាវស៊ើបអង្កេត ហើយឈានការកំណត់មុខសញ្ញា និងបានឃាត់ខ្លួនបានជនសង្ស័យចំនួន01នាក់ ឈ្មោះ ហាក់ ផស់ ភេទស្រី អាយុ31ឆ្នាំ ស្នាក់នៅភូមិរំចេក4 សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។

ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកាបូបពីជនរងគ្រោះពិតប្រាកដមែន ។

សម្ភារៈដកហូតពីជនសង្ស័យមាន ទូរសព្ទ័ម៉ាកអាយហ្វូនស៊ិច ពណ៌ទឹកមាស លាយ ស ចំនួន01គ្រឿង ។ ចំណែកបណ្ណ័បើកបរ និងឯកសារមួយចំនួន ជនសង្ស័យយកទៅបោះចោលក្នុងបរិវេណវត្តបច្ឆា ។

ស្រ្តីសង្ស័យត្រូវបាននគរបាលក្រុងខេត្តបាត់ដំបងកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ សំ វិច្ឆិកា

image


ចែករំលែក៖