ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមួយយប់ កម្លាំងការពាររុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ១០១គ្រឿង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ បានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន ១០១គ្រឿង ពេញមួយយប់ថ្ងៃសុក្រម្សិលមិញ ដោយមិនបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរឬក៏មានអ្នកស្លាប់និងរងរបួសឡើយ។
នៅក្នុងសារមួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ដ្រូនរបស់អ៊ុយក្រែន ១០១គ្រឿងត្រូវបានកម្ទេច និងស្ទាក់ចាប់ដោយប្រព័ន្ធការពារដែន អាកាសដែលកំពុងបំពេញភារកិច្ច»។ ក្រសួងបន្ថែមថា ក្នុងចំណោមដ្រូនទាំងនេះមាន៥៣គ្រឿងត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Bryansk ជាទីដែលអភិបាលនៃតំបន់នេះ បញ្ជាក់ថាមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ឬរងរបួសនោះទេ ខណៈដែលដ្រូន១៨គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Krasnodar និងតំបន់គ្រីមៀ។
រុស្ស៉ី កាលពីពេលថ្មីៗនេះបានប្រកាសពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនស្ទើររៀងរាល់ថ្ងៃ ហើយការវាយប្រហារដោយដ្រូននេះត្រូវបានទីក្រុងកៀវហៅថាជាការសងសឹកទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើបណ្ដាក្រុងអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​៖ militarny


ចែករំលែក៖