ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចចោទជនជាតិចិន០៣នាក់ ពាក់ព័ន្ធកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកនូវសារធាតុញៀន​ នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជានាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បា​នឲ្យដឹងថា ពាក់ព័ន្ធករណី ជនជាតិចិន៣នាក់ដកអាវុធកំរាមជនជាតិចិនដូចគ្នា នៅក្នុងខុនដូរស្តារស៊ីធី ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

យោងតាម​របាយការណ៍​របស់​កម្លាំងនគរបាលខណ្ឌសែនសុខ​ បានឱ្យដឹងថា​ កាលពីរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញ​ខណ្ឌសែនសុខ​ ចុះសហការជាមួយនគរបាលប៉ុស្តិ៍អូរបែកក្អម​ ឃាត់ខ្លួន ជនជាតិចិន៣នាក់ពាក់ព័ន្ធករណីដកកាំភ្លើងគំរាមជនជាតិចិនដូចគ្នា និងអំពើ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចខុនដូរស្តារស៊ីធី បន្ទប់លេខ១១២៥ ជាន់ទី១១ អគារទី៧ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា​ ជនសង្ស័យដែលត្រូវឃាត់ខ្លួន១,ឈ្មោះ ស៊ី មីងយ៉ុង (SHI MING YUNG) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អន ឡាញ (ឃាត់ខ្លួន មានសារធាតុញៀន) , ២.ឈ្មោះ វ៉ាង ជុន (WANG JUN) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ (ឃាត់ខ្លួន មានសារធាតុញៀន) ,៣.ឈ្មោះ វ័ន ជឺឡែង (WAN CHI LIANG) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរអនឡាញ៕

ដោយ​៖ តារា​


ចែករំលែក៖