ខេត្តស្វាយរៀង៖ សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្នុងចំណោម២ក្រុម ក្នុងករណីហឹង្សាដោយចេតនាបណ្ដាលឱ្យបុរស២នាក់រងរបួស បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនៅស្រុកស្វាយទាប។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ធី ទ្រូ អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀងនិងឈ្មោះ ទិត សុភាព ភេទប្រុសអាយុ៣២ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង១២នាទីរសៀល ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចខាងមុខតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្ការីសសនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
តាមសាក្សីបានឱ្យដឹងថា មានករណីអំពើហិង្សាដោយចេតនា មួយកើតទ្បើងបង្កទ្បើងដោយក្រុមសង្ស័យ០២ក្រុមមានគ្នាប្រហែល១០នាក់ដោយបានយកដែកតាន់ប្រវែងប្រហែល ៧៩ សង់ទីម៉ែត្រ វាយជនរងគ្រោះ ឈ្មោះ ធី ទ្រូ បណ្ដាលឱ្យរងរបួសដាច់រលត់ស្បែកចង្ការ និងឈ្មោះ ទិត សុភាព រងរបួសផងដែរ។
ក្រោយពីធ្វើសកម្មភាពសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ ឈ្មោះ បែន បូរ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរជាងផ្សាដែក ស្រុកកំណើតភូមិ ត្រពាំងផ្លុង ឃុំធារីមានជយ័ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិដើមពោធិ៍ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ចំណែកបក្សពួកជាច្រើននាក់ទៀតបានរត់គេចខ្លួនបាត់អស់។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបាន បញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្វាយទាប ចំណែកជនសង្ស័យឃាត់ខ្លួន នៅអធិការស្រុកស្វាយទាប។ រីឯជនសង្ស័យជាច្រើននាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវចាត់ការតាមច្បាប់៕
ដោយ៖ សុថាន