ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារអតីតយុទ្ធជន កម្ពុជាត្រូវបានទទួលការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដល់គ្រួសារដែលជួបការលំបាកគ្មានដី គ្មានជម្រកស្នាក់នៅ និងមានជីវភាពក្រីក្រនៅក្នុងខេត្តកំពង់ធំ ត្រូវ បានធ្វើបញ្ជីបច្ចុប្បន្នភាពស្រាវជ្រាវដល់ មូលដ្ឋានដើម្បី ផ្តល់សិទ្ធិក្នុងការទទួលបានលំនៅឋាននៅក្នុងភូមិរបស់អតីតយុទ្ធជនកម្ពុជា ដែលគ្រោងនឹងបង្កើតនៅលើទឹក ដីភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំលើ ផ្ទៃដី១.៩១៨ហិកតា ។
អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំគ្រប់ប្រភេទដែលទទួលគោលរបបពីរដ្ឋទាំងអស់មានចំនួន៣.៤៨៩នាក់ ចំនួនអតីត យុទ្ធជនកំពុងស្ថិតក្នុងស្ថានភាពខ្វះខាត ១៦៦គ្រួសារ ហើយចំនួនគ្រួសារដែល គ្មានដី គ្មានផ្ទះមានចំនួន៧២គ្រួសារដែល មកពីស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុក កំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទ បល្ល័ង្ក ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងក្រុងស្ទឹងសែន ។
លោកវរសេនីយ៍ទោ កែ ម៉ៃ បានលើកទិសដៅអនុវត្តបន្តដោយចុះស្រង់យកព័ត៌មានពីអតីតយុទ្ធជនដែលនៅសេសសល់មកបំពេញបញ្ជីបច្ចុប្បន្នភាព ដើម្បីបញ្ចប់ នៅចុងខែសីហា ឆ្នាំ ២០១៦ និងចុះពិនិត្យ ស្ថានភាពអតីតយុទ្ធជនដែលស្ថិតក្នុងស្ថានភាពទីទ័លក្រ គ្មានផ្ទះ គ្មានដី ត្រូវរាយ ការណ៍បន្ទាន់ ។ អតីតយុទ្ធជនដែលមាន ជំងឺឬទទួលមរណភាពត្រូវធ្វើរបាយ ការណ៍ជូនមកគណៈកម្មាធិការស.អ.ក ព្រមទាំងបន្តចាប់ដៃគូសម្ព័ន្ឋមេត្រីភាពជាមួយក្រុមហ៊ុនអាជីវករ ដើម្បីរកប្រាក់ទ្រទ្រង់ មូលនិធិសម្រាប់ដោះស្រាយនៅក្នុងមូលដ្ឋានរបស់ខ្លួន ចុះត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅឃុំក្រយាសម្រាប់សាងសង់ភូមិអតីតយុទ្ធជន និងជំរុញឲ្យមានការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសព ដែលជាសមាជិកស.អ.ក ឲ្យបានទាន់ ពេលវេលា និងសហការជាមួយប្រធានការិយាល័យបេឡាជាតិរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុនីតិសម្បទាដើម្បីដោះស្រាយជូនគ្រួសារអតីតយុទ្ធជន ។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម បានសំណូមពរ ដល់ក្រុមការងារជំនាញ និងក្រុមលេខាធិការដ្ឋានធ្វើការផ្ទៀងផ្ទាត់នូវឯកសារនានា ឲ្យត្រូវគ្នា និងសុំឲ្យមានកិច្ចសហការគ្នា និងយកចិត្តទុកដាក់ចំពោះការចុះធ្វើបច្ចុប្បន្នភាពជាមួយគ្រួសារអតីតយុទ្ធជន ចុះដល់ មូលដ្ឋាន និងថតយករូបភាពជាក់ស្តែង ចៀសវាងមានតែឈ្មោះតែគ្មានមនុស្សនិងសុំឲ្យខិតខំរកឲ្យឃើញនូវមុខសញ្ញាអតីតយុទ្ធជននិងត្រូវបញ្ចប់បិទបញ្ជីនៅចុងខែសីហានេះ ។ ចំពោះបញ្ហាចុះស្រង់បច្ចុប្បន្ន ភាពអតីតយុទ្ធជនឲ្យពិតប្រាកដ ហើយមិនអាចដាក់ឈ្មោះកូនឬចៅដើម្បីទទួលសិទ្ធិ ក្នុងការទទួលដី លំនៅឋាន ឬផ្ទះនោះទេហើយត្រូវធ្វើប័ណ្ណក្រីក្រឲ្យបានគ្រប់គ្នាជូនដល់ពួកគាត់ ។ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន ក៏បានកោតសរសើរដោយ ស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ប្រធានសមាគមស្រុក ដែលមានការខិតខំធ្វើ ការងារ ៕ ប៊ុន រិទ្ធី