ព័ត៌មានទាន់ហេតុការណ៍៖

កុំតែរថយន្តខូចម្ល៉េះសមឈើដុលរបស់ឈ្មួញទៅដល់វៀតណាមបាត់ទៅហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឈើដុលមានមុខកាត់ធំៗជាច្រើនដុំត្រូវបានសមត្ថកិច្ចមេព្រៃ បង្ក្រាប ខណៈដែលរថយន្តដឹកឈើទាំងនោះខូចមិនអាចបន្តដំណើរទៅមុខបាន។ ឈើទាំងនោះត្រូវបានគេដឹងថា ឈ្មួញមាន បំណងយកទៅលក់នៅប្រទេសវៀតណាមតែពេលនេះឈើទាំងអស់ត្រូវបានប្រមូលយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ។

ការបង្ក្រាបឈើដុលនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ ត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ម្ចាស់ឈើមិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេពីព្រោះបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។ រថយន្តដឹកឈើនេះម៉ាកហុីយ៉ាន់ដាយពណ៌ ខៀវលាយបៃតងពាក់ស្លាកលេខកំពង់ចាម 3A-2715 ។

លោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋបានឲ្យដឹងថា ដោយទទួល បានសេចក្តីរាយការណ៍ថា មានរថយន្តមួយ គ្រឿងសង្ស័យដឹកឈើខុសច្បាប់បានមកខូចនៅចំណុចខាងលើរូបលោកក៏សុំយោបល់ពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីត្រួតពិនិត្យ។ ក្រោយ ត្រួតពិនិត្យជាលទ្ធផលឃើញថា រថយន្ត ដែលខូចនោះផ្ទុកទៅដោយឈើដុលជាច្រើនដុំ ខណៈមិនមានម្ចាស់ឈើនៅនោះ ឡើយ ។

លោក ប៊ុន សម្បត្តិ បន្តថា ក្រោយរកឃើញមានឈើខុសច្បាប់ដ៏ច្រើនសន្ធឹក សន្ធាប់បែបនេះរូបលោកបានស្នើសុំទៅលោកឩត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសុំកម្លាំងសហការ ។

ឈើទាំងអស់ត្រូវបានប្រមូលយកមក រក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺដើម្បីចាត់ការបន្តតាមច្បាប់ស្តីពីព្រៃឈើ។ បច្ចុប្បន្នកម្លាំងជំនាញរបស់លោកកំពុងរាប់និងវាស់វែងរកចំនួនដុំនិងម៉ែត្រគូប ។

មជ្ឈដ្ឋានប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះចំណាត់ការរបស់មេព្រៃខេត្តកំពង់ស្ពឺដែលហ៊ានបង្ក្រាបឈើទាំងនេះ ព្រោះថា យូរឆ្នាំមកហើយគេមិនដែល ឃើញអស់លោកសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធបង្ក្រាបរថយន្តដឹកឈើនេះម្តងណាឡើយ ជាពិសេសអស់លោកមេព្រៃខាង ខេត្តតាកែវតែម្តង ។

មន្ត្រីនគរបាលមួយរូបដែលឈរជើងនៅខេត្តតាកែវបាននិយាយថា រថយន្តនេះគេឃើញដឹកឈើច្រើនឆ្នាំមកហើយមិនដែលឃើញអស់លោកណាហ៊ានបង្ក្រាបឡើយខណៈដែលមន្ត្រីតូចតាចដូចរូបលោកកុំថាឡើយបង្ក្រាបសូម្បីទៅក្បែរក៏មិនហ៊ាន ផង។ នេះសំណាងហើយចេះរថយន្តនេះចុះផុតពីផ្លូវជាតិលេខ៣បើនៅលើផ្លូវជាតិ វិញកុំសង្ឃឹមថាបង្ក្រាបបានឲ្យសោះព្រោះថាផ្លូវជាតិលេខ៣គ្រប់គ្រងដោយខាងរដ្ឋបាលខេត្តតាកែវ ។

មន្ត្រីរូបនោះបន្តថា កុំតែរថយន្តខូចម្លេ៉ះសមឈើនេះរត់ទៅចុះទូកនៅច្រកបាក់ដៃស្រុកបុរីជលសាហើយហួសទៅលេងដល់វៀតណាមបាត់ទៅហើយ។ បើចង់ដឹង ច្បាស់ថាឈើនេះជារបស់អ្នកណាសួរតែខាងជំនាញពាក់ព័ន្ធទៅដឹងហើយ ពិសេស មេព្រៃខាងតាកែវតែម្តង ៕ សេនាស័ក្តិ

kspue (4)

kspue (3)

kspue (2)

kspue (1)


ចែករំលែក៖