ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលរៀបចំដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិន ក្រោមការចូលរួមគាំទ្រពី ស.ស.យ.ក. និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចសន្ទានានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សុខ ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងថ្នាក់ដឹកនាំនៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងនិស្សិតកម្ពុជា-ចិន ជាច្រើនរូបទៀត។

គួរបញ្ជាក់ដែរថា វេទិកានេះបានរៀបចំឡើងក្នុងគោលបំណងពង្រីកកិច្ចសហការ និងបង្កើនការទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមក ជាពិសេសការកសាងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជាតិយើងស្របតាមពាក្យស្លោក «មិត្តភាពដែកថែប កម្ពុជា-ចិន ដែលទំនាក់ទំនងទាំងអស់នេះ គឺក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ដោយប្រែទំនាក់ទំនងទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ 

សូមជម្រាបដែរថា កិច្ចសន្ទនានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃពេញ ដោយពិភាក្សាទៅលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ 

(១) សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍយុវជន។

(២) ការផ្លាស់ប្ដុរវប្បធម៌ និងប្រជាជន។

 (៣) ការផ្លាស់ប្ដូរយុវជនកម្ពុជា-ចិន ៕

ដោយ ៖ សិលា


ចែករំលែក៖