ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនចិនចុះកិច្ចហត្ថលេខាលើឯកសារចំនួនពីរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យ

ចែករំលែក៖

ប្រទេសចិន ៖ ជាលទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅប្រទេសចិន គឺការចុះហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។

ពិធីចុះហត្ថលេខាលើឯកសារទាំងពីរបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នេះ នៅវិមានសភាតំណាងប្រជាជនចិននាទីក្រុងប៉េកាំង បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានពិភាក្សាការងារជាទ្វេភាគីប្រកបដោយលទ្ធផលជាទីមោទនៈហើយនោះ។

កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ បានចុះហត្ថលេខាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិង លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន។ ចំណែក អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរត្រូវបានចុះហត្ថលេខាដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងលោក លីវ ឈី (LIU QI) អគ្គលេខាធិការ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ស្មារតីនៃកិច្ចព្រមព្រៀងរវាងសភាប្រទេសទាំងពីរ បង្ហាញពីការរួមសហការគ្នារវាងសភាប្រទេសទាំងពីរក្នុងការជំរុញនិងលើកកម្ពស់ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងការរួមចំណែកជាវិជ្ជមានក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសមភាគីមិត្តចិនបានឯកភាពគ្នាថា ការផ្លាស់ប្តូរ ទស្សនកិច្ចជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំឡើង។

កិច្ចព្រមព្រៀងចែងអំពីការលើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិកម្ម ការត្រួតពិនិត្យ និងអភិបាលកិច្ច ការបន្តអនុវត្តការផ្លាស់ប្តូរទស្សកិច្ចមិត្តភាពរវាងថ្នាក់ដឹកនាំ គណៈកម្មាធិការ ក្រុមមិត្តភាព តំណាងរាស្រ្ត និងស្ថាប័នការងារតាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម និងវិស័យឌីជីថល ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរមិត្តភាព និងដំណើរទស្សនកិច្ចទៅវិញទៅមក   រវាងតំណាងរាស្រ្តស្ត្រី និងសមាជិកសភាវ័យក្មេង ជាដើម។

ចំណែកអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរវិញ ធ្វើឡើងក្នុងគោលបំណង បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ នូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គាំទ្រដល់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិន និងកម្ពុជា តាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរ បទពិសោធនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្តល់សេវាកម្មសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភារកិច្ចរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការអនុលោមតាមបទដ្ឋាន ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ពិធីចុះហត្ថលេខាលើឯកសារទាំងពីរនេះ បានប្រារព្ធធ្វើឡើងក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត នៅវិមានសភាតំណាងប្រជាជនចិន នាទីក្រុងប៉េកាំង៕

ដោយ ៖ សិលា


ចែករំលែក៖