ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនសុភាពនារី ព្រួយបារម្មណ៍ ពីគីសដៃស្បូន ?

ចែករំលែក៖

ភ្នំពេញ ៖ តាមពិតទៅ ដុំគីសដៃស្បូន ជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃនៃអូវែ ដែលនៅសងខាងស្បូនស្ត្រី។

ក) រោគសញ្ញា៖

   – ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ

   – ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក (Dyspareunia)

   – ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ

   – នោមញឹក ឬក៏ពិបាកនោម

   – អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន

   – ភាគច្រើនវាវិវត្តន៍ធំធាត់ដោយស្ងៀមស្ងាត់

ខ) មូលហេតុ៖

មូលហេតុនៃជំងឺនេះ កើតឡើងទៅតាមប្រភេទនៃគីសនីមួយៗ:

   ១. Follicular cyst: ដោយវាពុំបានបញ្ចេញពងមេជីវិត។

   ២. Corpus luteum cyst: ពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធនោះត្រូវបានបិទជិតវិញ។

ដុំគីសទាំងពីរប្រភេទនេះ (១ និង២) មិនមានបញ្ហាអ្វីទេ វានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ខែ បន្ទាប់។

   ៣. Dermoidcysts: ផ្សំទៅដោយជាលិការផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ…។ ករណីនេះកម្រក្លាយជាមហារីកណាស់។

   ៤. Cystadenomas: ផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ

   ៥. Endometriomas: ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិការអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន។

គ) ផលវិបាក៖

   – ដុំគីសដែលកើតលើស្ត្រីចំណាស់ក្រោយពេលអស់រដូវអាចក្លាយជាមហារីក។

   – Ovarian Torsion គឺដុំគីសដែលរមួលបណ្តាលឲ្យចុកពោះខ្លាំង។

   – Ovarian Rupture គឺដុំគីសដែលបែករហែកបណ្តាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ។

ឃ) ការព្យាបាល៖

ការព្យាបាលគឺអាស្រ័យទៅតាម រោគសញ្ញា អាយុស្ត្រី ប្រភេទ និងទំហំគីសៈ

   – ករណីធម្មតា (ប្រភទដុំគីស Follicular cyst និង Corpus luteum cyst): អ្នកជំងឺមិនតម្រូវឲ្យមានការវះកាត់ទេ។

   – ករណីធ្ងន់ធ្ងរ គឺតម្រូវឲ្យធ្វើការវះកាត់ៈ

      ● ការវះកាត់ដោយបើកពោះ (Laparotomie)

      ● ការវះកាត់ដោយប្រើឧបករណ៍ចោះ (Laparoscopic): ការវះកាត់ដោយមានស្នាមរបួសតូច មិនសូវមានការឈឺចាប់ និងអាចបានត្រលប់ទៅផ្ទះឆាប់រហ័ស។

ការវះកាត់ទាំងពីរនេះមានប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកដៃស្បូន ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។

បើសិនជាមានបញ្ហាដូចរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែតដែលមានគ្រូពេទ្យជំនាញឯកទេស និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាលសមស្រប។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖