ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាខេត្តភាគកណ្តាលនៃប្រទេសវៀតណាម ប្រឈមគ្រោះទឹកជំនន់ មនុស្សជាង១ម៉ឺននាក់ត្រូវជម្លៀស

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៅវៀតណាម បានប្រាប់ឱ្យដឹងនាថ្ងៃអង្គារនេះថា ស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរនៅភាគកណ្តាលប្រទេសបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ ហើយបង្ខំឱ្យប្រជាជនជាង១០,០០០នាក់ ត្រូវជម្លៀសចេញពីលំនៅឋានរបស់ពួកគេ។
ពេលកន្លងទៅក្នុងខែកញ្ញាដដែលនេះ តំបន់ភាគខាងជើងវៀតណាមទើបតែទទួលរងការបំផ្លិចបំផ្លាញ និងលិចលង់យ៉ាងខ្លាំង ដោយសារការវាយប្រហារនៃព្យុះទីហ្វុងកំណាចឈ្មោះ Yagi ដែលបានផ្តាច់ជីវិតមនុស្សជិត៣០០នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ស្មើនឹង ១.៦ពាន់លានដុល្លារ។
ប៉ុន្តែស្របពេលទឹកជំនន់ ដែលបង្កឡើងដោយព្យុះ Yagi បានស្រកចុះទៅវិញនៅភាគខាងជើងប្រទេស ភាគកណ្តាលវៀតណាម ក៏បានរងការវាយប្រហារពីព្យុះត្រូពិច កាលពីសប្តាហ៍មុន ដែលបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ហើយធ្វើឱ្យកម្រិតទឹកនៅតាមដងទន្លេហក់ឡើងខ្ពស់យ៉ាងគ្រោះថ្នាក់។
អាជ្ញាធរវៀតណាមនៅខេត្ត Thanh Hoa បាននិយាយថា ក្នុងរយៈពេល៣ថ្ងៃមកនេះ មនុស្សជាង១១,៧០០នាក់ បានជម្លៀសចេញពីផ្ទះសម្បែងពួកគេ ដែលភាគច្រើនត្រូវបានទឹកជន់លិច ដើម្បីទៅរកកន្លែងសុវត្ថិភាព។ រីឯនៅខេត្តក្បែរខាងនោះ គឺខេត្ត Nghe An មនុស្ស៣នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ដោយសារទឹកជំនន់ហូរនាំយកទៅ។
គិតចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក នៅវៀតណាម លំនៅឋានប្រហែល៣២០ខ្នង បានរងការខូចខាត ផ្ទៃដីដំណាំលើស ៦,៣០០ហិកតា ត្រូវបានបំផ្លិចបំផ្លាញ ហើយអគារសាលារៀនយ៉ាងហោច៤០ខ្នង នៅក្នុងតំបន់ ត្រូវបានជន់លិច ឬរងការខូចខាត។ នៅថ្ងៃអង្គារនេះ អាជ្ញាធរថៃ ក៏បានឱ្យដឹងដែរថា នៅភាគខាងជើងប្រទេសថៃ ទឹកជំនន់ភ្លាមៗដែលបង្កឡើងពីការធ្លាក់ភ្លៀងខ្លាំង បានសម្លាប់មនុស្ស២នាក់ នៅខេត្ត Lampang និងបង្កផលប៉ះពាល់ដល់ប្រជាជន១,៥០០គ្រួសារ។
ក្រៅពីវៀតណាម ភាគខាងជើងប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ សុទ្ធតែបានទទួលរងឥទ្ធិពលធ្ងន់ធ្ងរពីព្យុះ Yagi ក្នុងខែនេះ ជាមួយចំនួនមនុស្សបាត់បង់ជីវិត សរុបនៅទូទាំងតំបន់ ៧០២នាក់។ ក្នុងនោះ មីយ៉ាន់ម៉ា មានអ្នកស្លាប់ច្រើនជាងគេ គឺ៣៨៤នាក់ ខណៈវៀតណាមមាន ២៩៩នាក់។ គិតចាប់តាំងពីដើមខែនេះ សាលារៀនជិត១,០០០កន្លែង នៅវៀតណាមនិងថៃ បានរងការខូចខាត ដោយសារគ្រោះទឹកជំនន់ ជាហេតុធ្វើឱ្យប៉ះពាល់ការការសិក្សារបស់ក្មេងៗ៕ដោយ៖ ធីរីណា

រូប​ថត​៖ PLO


ចែករំលែក៖