ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជានេសាទ ចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងប្រែក្លាយតំបន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្ត

ចែករំលែក៖

 ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងប្រែក្លាយតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។

ការអំពាវនាវបែបនេះរបស់ លោក នួន ផារ័ត្ន ក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ទីបញ្ជាការស្រាលប្រចាំនៅបឹងទន្លេសាបចំនួន ២គោលដៅ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនៅរដូវបិទនេសាទ និងពិនិត្យមើលសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្តាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ។ 

នាកាសនោះដែរ លោក អភិបាលខេត្ត ក៏បានកោតសរសើរដល់ក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមផែនការ និងបានដាក់បទបញ្ជាទៅដល់កងកម្លាំងទីបញ្ជាការស្រាលទាំងអស់ធ្វើយ៉ាងណាត្រូវតែបង្ក្រាបបទល្មើសនេសាទឱ្យបានជាពិសេសបទល្មើសធំៗដែលតែងតែកើតនៅលើផ្ទៃបឹងទន្លេសាបនៅរដូវបិទនេសាទ។

បានចុះពិនិត្យស្ថានភាពបទល្មើសនេសាទនៅចំណុចមួយចំនួនដូចជាកន្លែងអភិរក្សឡូត៍លេខ២ព្រែកខ្សាច់ កោះតាម៉ តំបន់ចុងព្រែឆ្កោក តំបន់កន្លុកបាយក្អែក តំបន់ត្រួយវែង តំបន់ព្រែកបា តំបន់ព្រែកតាសោម តំបន់ព្រែកជើងលោង និងតំបន់មុំបី ដែលជាទឹកដីជាប់ព្រំប្រទល់រវាងខេត្តទាំងបី រួមមាន៖ ខេត្តកំពង់ធំ ពោធិសាត់ និងខេត្តកំពង់ឆ្នាំង។

លោក អភិបាលខេត្ត ជំរុញគ្រប់សហគមន៍ត្រូវរៀបចំឱ្យមានជាតំបន់អេកូទេសចរណ៍ធម្មជាតិមាន ដូចជា ទស្សនាសត្វស្លាប ទស្សនាផ្ទះបណ្ដែតទឹក ជីវៈចម្រុះ ធនធានធម្មជាតិ ការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំកន្លែងស្នាក់នៅ ហូបចុកឱ្យមានអនាម័យនិងមានសោភ័ណភាពសម្រាប់អ្នកទេសចរណ៍ ភ្ញៀវជាតិ និងអន្តរជាតិ ដែលជាផ្នែកមួយនៃការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាពលរដ្ឋក្រៅពីការប្រកបមុខរបរនេសាទ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បាននាំយកគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួនផ្តល់ជូនដល់ទីបញ្ជាការស្រាល និងបានឧបត្ថម្ភថវិកាជូនរដ្ឋបាលឃុំ មណ្ឌលសុខភាពផាត់សណ្តាយ និងសាលាបឋម-អនុវិទ្យាល័យផាត់សណ្តាយផងដែរ ។

ដោយឡែកលោក ញ៉ែម រ៉ាន់ រស់នៅក្នុងភូមិកំពង់ចម្លង ឃុំផាត់សណ្ដាយ ជាសមាជិកគណៈកម្មការសហគមន៍ តួនាទីជាប្រធានល្បាតការពារឡូអភិរក្សបានលើកឡើងថា ឆ្នាំនេះ ការដើរល្បាតនៅតំបន់ក្រៅពីតំបន់សហគមន៍ ការពារតំបន់ឡូអភិរក្សគឺសម្បូរត្រីគ្រាន់ជាងឆ្នាំមុនៗ៕

ដោយ ៖ សិលា


ចែករំលែក៖