ព័ត៌មានទាន់ហេតុការណ៍៖

អម្ពរ ទេវី មកដល់កម្ពុជា និងចាប់ផ្តើមសម្តែងថ្ងៃទី១៨ សីហា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះអ្នកស្រីអម្ពរ ទេវី បានធ្វើដំណើរមកដល់កម្ពុជាហើយកាលពីល្ងាចថ្ងៃទី១៣ ខែសីហា ។ នាងនឹងបង្ហាញវត្តមានជាថ្មី ក្នុងខ្សែភាពយន្តខ្នាតធំមួយដែលដឹកនាំការផលិតដោយអ្នកស្រីពាន់ភួងបុប្ផាគឺរឿង ទឹកចិត្តម្តាយសម័យថ្មី ដែលប្លង់សំខាន់របស់នាងនឹងត្រូវចាប់ផ្តើមថតចាប់ពីថ្ងៃទី១៨ ខែសីហានេះតទៅ ។

អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាងអម្ពរ ទេវី បានបាត់មុខពីការសម្តែងអស់រយៈពេលជាង១ទសវត្សរ៍មកហើយ។ គេនៅចាំបានថា វត្តមានតារាសម្តែងអម្ពរ ទេវី បានធ្វើឲ្យអ្នកទស្សនា ចាំមិនភ្លេច ព្រោះតែនាងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងវិស័យសម្តែងភាពយន្ត ។ ទោះបីជាប្រឡូកយ៉ាងជោគជាំ នាងបានបន្សាត់ខ្លួនពីការសម្តែងដោយស្ងប់ស្ងាត់។ ជាង១០ឆ្នាំហើយ ដែលអតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងអំឡុងទសវត្សរិ៍ទី៩០រូបនេះ បានបានចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមរិកដែលក្រោយមកនាងបានរៀបការប្តីថ្មី។ ដំណឹងនៃការវិលមករកការសម្តែងឡើងវិញ បានលេចលឺឡើងកាលពីដើមឆ្នាំ២០១៦មកម្ល៉េះ ហើយកាលពីល្ងាចថ្ងៃទី១៣ ខែសីហា នេះ នាងបានធ្វើដំណើរមកដល់ព្រលានយន្តហោះមុខការគ្រោងទុក ។

អ្នកស្រីពាន់ ភួងបុផ្ផា ជាអ្នកដឹកនាំខ្សែភាពយន្ត ដែលបានទៅទទួលនាងបានលើកឡើងថា ដំណើរមកដល់របស់នាងមុនការគ្រោងទុកព្រោះតែនាងបានផ្លាស់ប្តូរយន្តហោះ ។ អ្នកស្រីបញ្ជាក់ថា នាងបានវិលមកកម្ពុជាជាមួយកូនប្រុស ហើយអតីតស្វាមីនាងគឺលោក ពេជ្រ ភារុណក៏បានទៅទទួលផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ ។ អ្នកស្រីបញ្ជាក់ថា ក្រៅពីការសាកសួរសុខទុក្ខសាច់ញាតិ គម្រោងសំខាន់របស់នាងគឺការចូលរួមសម្តែងខ្សែភាពយន្ត របស់ផលិតកម្មថោនគឺរឿង”ទឹកចិត្តម្តាយសម័យថ្មី”ដែលអ្នកស្រីជាអ្នកដឹកនាំសម្តែង ។ អ្នកស្រីបន្តថា ភាពយន្តនេះបានចាប់ផ្តើមការផលិតមួយរយៈពេលមកហើយហើយប្លង់សំខាន់ៗ ដែលមានសម្រាប់តារាសម្តែងជើងចាស់រូបនេះនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៨ខែសីហា និងបញ្ចប់នៅថ្ងៃទី២៥ ខែសីហានេះ ។

អ្នកស្រីបញ្ជាក់ដែរថា អ្នកស្រីមានបំណងរៀបចំឲ្យមានជំនួបរវាងតារាសម្តែងល្បីក្នុងទសវត្សរិ៍ទី៩០រូបនេះ និងអ្នកសារព័ត៌មានប្រយោជន៍ដើម្បីឲ្យអ្នកសារព័ត៌មានផ្តិតយករូបថត រូបភាព និងជជែកពីការងារដែលនាងបានធ្វើនៅពេលនេះ ។ អ្នកស្រីថ្លែងសរសើរថា បើទោះបីជាវ័យជ្រេបន្តិចប៉ុន្តែអ្នកនាងអម្ពរទេវី នៅតែស្រស់ស្អាត ពិសេសមិនធាត់ខ្លាំងដូចសិល្បករជំនាន់នាងផ្សេងៗទៀតនោះទេ។ អ្នកស្រីរំពឹងដែរថា គម្រោងចេញថតជាថ្មីរបស់អ្នកនាងនឹងបញ្ចប់តាមការគ្រោងទុក ហើយទស្សនិកជននឹងនៅតែបន្តការគាំទ្រតារាសម្តែងស្រីរូបនេះផងដែឬ ។

រឿង ទឹកចិត្តម្តាយសម័យថ្មី ដែលជាខ្សែភាពយន្តខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្មថោន ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា បានប្រកាសចេញថត កាលពីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ។ តារាសម្តែង៤ជំនាន់ផ្សេងគ្នា ដែលនឹងសម្តែងរូមគ្នាក្នុងខ្សែភាពយន្តនេះ មានដូចជាសិល្បករល្បីជំនាន់ទសវត្សរិ៍ទី៦០ អ្នកស្រី ឌី សាវ៉េត តារាសម្តែងទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរ ទេវី លោក ទេពរិន ដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០ អ្នកនាង ស៊ឹម សូលីកា និងអ្នកនាង ស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះ ក្នុងពេលបច្ចុប្បន្ន គឺអ្នកនាងសុខ សោម៉ាវត្តី កញ្ញាឌុច លីដា លោកយិត មាសឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀត នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង ទឹកចិត្តម្តាយសម័យថ្មី ។

ក្រៅពីតារាសម្តែងល្បីឈ្មោះទាំងនេះក៍នឹងមានការបង្ហើរសំនៀងរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺកញ្ញាមាសសុខសោភានិងលោកខេមក៏នឹងត្រូវបានលើកយកមកដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះផងដែរ ។ ខ្សែភាពយន្តនេះ ត្រូវបានគេរំពឹងថា នឹងផ្ទុះចេញនូវ ការគាំទ្រច្រើនពីទស្សនិកជន ខណៈដែលវាគឺជាទស្សនីយភាពសិល្បៈពិសេសប្លែកមិនធ្លាប់មាន ។ ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ ឬដើម ឆ្នាំ២០១៧ ខាងមុខ ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នអតីតារាសម្តែងអម្ពរ ទេវី កំពុងរស់នៅទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់ គឺកូនប្រុសបង ឈ្មោះ ភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះ ភិរុណលក្ស្មីទេវី អាយុ៦ឆ្នាំ ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាងអម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗ រួមមានរឿង«សម្ដីចុងក្រោយ» រឿង«ឆ្អឹងអណ្ដែត» រឿង«ចុងស្រល់» និងរឿង«ជើងមេឃដាច់ស្រយាល»ជាដើម ៕ វឌ្ឍនា

SOVUTH (6)

SOVUTH (5)

SOVUTH (4)

SOVUTH (3)

SOVUTH (2)

SOVUTH (1)


ចែករំលែក៖