ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ចាប់ខ្លួនអ្នកកាសែតម្នាក់ ដោយចោទពីបទកំហែងយកតាមដីការបង្គាប់ឲ្យនាំខ្លួន ប្រគល់ឲ្យសមត្តកិច្ចនគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់អនុវត្តបន្តតាមនីតិវិធី ។
តាមការឲ្យដឹងពីលោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្ត្តពោធិ៍សាត់ថា ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តបាត់ដំបងបានអនុវត្តឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ-សង្កាត់ទួលតាឯក ក្រុង – ខេត្តបាត់ដំបង ។
លោកនាយការិយាល័យបន្តថា លុះព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល សមត្តកិច្ចខេត្តបាត់ដំបង (អនុវត្ត) ហៅសមត្តកិច្ចរបស់លោកទៅយក ដើម្បីប្រគល់ខ្លួនជនសង្ស័យនាំខេត្តពោធិ៍សាត់បន្តតាមនីតិវិធី ហើយការអនុវត្តឃាត់ចាប់ខ្លួនអ្នកកាសែតខាងលើនេះ គឺអនុវត្តឡើងតាម(ដីកាបង្គាប់ឲ្យនាំខ្លួន)ដោយចោទពីបទ(កំហែងយក) លេខ ៧៦ ដបងខ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយលោក រស់ ផូរា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។
លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបន្តទៀតថាអ្នកកាសែតត្រូវបានអនុវត្តខាងលើឈ្មោះ ប៉ាក ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកសារព័ត៌មាននៅអង្កភាពវាលឥន្រ្ទី ទីលំនៅបច្ចុប្បន្ន ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហើយគាត់បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិ-ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងករណី(បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣,៣៦៤,នៃក្រមព្រហ្មទណ្ឌ។ លោកបញ្ជាក់បន្ថែមទៀតផងដែរថា ចំពោះករណីខាងលើនេះនិងបញ្ជូនជនសង្ស័យទៅសាលាដំបូងខត្តពោធិ៍សាត់នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានផ្សេងៗលើកឡើងថា ក្នុងករណីអនុវត្តដីកា លើអ្នកកាសែតនោះដូចជាច្បាស់លាស់ត្រឹមត្រូវណាស់ ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់លាស់នោះទេថា អ្នកកាសែតរូបនេះប្រព្រឹត្តបទល្មើសអ្វីនោះទេ ហើយក៍គេមិនទាន់បានដឹងដែរថា តុលាកាសម្រេចត្រូវឃុំខ្លួនអ្នកកាសែតរូបនេះឬមិនត្រូវឃុំនោះទេ ៕ ប៉ឹម ពិន