ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣បាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

 សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឈឿន វិជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ស្តីពីករណីចោរលួចម៉ូតូ នៅចំណុចអគារ១៨ (ហាយសូ) ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។      

ក្រោយពីទទួលបានពាក្យបណ្ដឹងរួចកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៤និង០០នាទីទាបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅចំណុចកាស៊ីណូ នាគទិព្វ ជាប់កាស៊ីណូអាត់ប៊ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាក HONDA DREAME ពណ៌ក្រហម ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង1AI-6521 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជនសង្ស័យ ១-ឈ្មោះ យ៉ុង រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ លី ឃឹម ភេទប្រុស អាយុ២១ឆ្នាំ និង៣-ឈ្មោះ ផល វុតថៃ (ប៊ីថៃ) ភេទប្រុស អាយុ១៨ឆ្នាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន។ 

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ 

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។

ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ឱ្យម្ចាស់ដើមវិញ៕

ដោយ៖ វណ្ណា


ចែករំលែក៖