ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ទៅលើការធានាចីរភាពកំណើននៃវិស័យដ៏មានសារៈសំខាន់នេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ ជាការពិត ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចសង្គមដ៏ចម្បងមួយសម្រាប់កម្ពុជាគឺ ទាមទារឱ្យមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ទៅលើការធានាចីរភាពកំណើននៃវិស័យដ៏មានសារៈសំខាន់នេះ។ ចំណុចនេះទាមទារ ចាំបាច់ឱ្យមានការបន្តគិតគូរលើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃ វិស័យទេសចរណ៍កម្ពុជានៅក្នុងកម្រិតតំបន់ និងសកលលោក។ ជាក់ស្តែង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចជាប្រវត្តិសាស្ត្រក្នុងការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការដែលទាំងនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាគោលដៅពហុទេសចរណ៍ថ្មីដែលនឹងផុសលេចត្រដែតត្រដឹមនៅអមតាមមាត់ព្រែកជីកហ្វូណនតេជោ នាអនាគតដ៏ខ្លីខាងមុខ។ បន្ថែមទៅទៀតនោះ សមិទ្ធផលថ្មីសំខាន់ជាច្រើនទៀតបានលេចចេញជារូបរាងបណ្តើរៗ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ជារួមមានព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាប ខ្នាត 4E ព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុដែលទើបតែធ្វើបច្ចុប្បន្នភាពឱ្យត្រូវស្តង់ដាអន្តរជាតិដែលមានផ្លូវរត់រហូតដល់ ៣៣០០ ម៉ែត្រ និងជាពិសេសព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ប្រភេទខ្នាតយក្ស 4F ដែលអាចឱ្យគ្រប់ ប្រភេទយន្តហោះទាំងអស់អាចចុះចតបាន ដែលនឹងត្រូវបើកឱ្យដំណើរការក្នុងដំណាក់កាលទី១ នាដើមឆមាស ទី១ នៃឆ្នាំ២០២៥ ខាងមុខដ៏ខ្លីនេះ។

សម្តេចធិបតី លើកឡើងថា ៖ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រីភាគី ពហុភាគីលើគ្រប់វិស័យរាប់ទាំងវិស័យទេសចរណ៍នេះផង កម្ពុជាតែងតែគោរពទៅលើគោលការណ៍ សន្តិសហវិជ្ជមាន (Peaceful Coexistence) របស់សហគមន៍អន្តរជាតិ ហើយដែលសកម្មភាពទាំងអស់នេះបានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរួមទាំងលើក កម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ កិច្ចសហប្រតិបត្តិការ CLV-DTA រួមទាំងកិច្ចសហប្រតិបត្តិការនានា រួមមាន ACMECS CLMV CLMTV GMS មេគង្គឡានឆាង មេគង្គជប៉ុន មេគង្គឥណ្ឌាហ្គង់ហ្គា ក្របខ័ណ្ឌអាស៊ានសហគមន៍អឺរ៉ុប អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) និងជាមួយអង្គការសហប្រជាជាតិ ពិតជាបាន

រួមចំណែកក្នុងការធានានិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់ប្រជាជាតិកម្ពុជារបស់យើងអរគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចបន្តថា ៖ ក្នុងន័យនេះ សម្តេចសូមអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” សូមអំពាវនាវដល់ប្រជា ពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ សូមមេត្តាចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នា អភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ជា ប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍លំដាប់ ពិភពលោក។ កិច្ចខិតខំប្រឹងប្រែងរបស់យើងតាមទស្សនទានទាំងឡាយដែលបានលើកឡើងខាងលើនេះ គឺជា បុព្វហេតុដើម្បីអភិវឌ្ឍវិស័យទេសចរណ៍របស់យើងដែលធ្វើឱ្យកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈក្លាយជាគោលដៅ ទេសចរណ៍លេចធ្លោប្រកបដោយភាពទាក់ទាញ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ផ្តល់នូវភាពកក់ក្តៅ ដល់ទេសចរគ្រប់ជាតិសាសន៍។ នេះជាសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (Tourism and Peace) ៕ 

 

ដោយ ៖ សិលា


ចែករំលែក៖