ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតនាំមកនូវឱកាសសម្រាប់អភិបាលកិច្ចសកលក្នុងយុគសម័យថ្មី

ចែករំលែក៖

អន្តរជាតិ ៖ នាពេលថ្មីៗកន្លងទៅនេះ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីអំពាវនាវនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតដោយរំពឹងទុកថា បណ្តាប្រទេសនានានឹងពង្រឹងសាមគ្គីភាពដើម្បីរួមគ្នាឆ្លើយតបនឹងវិបត្តិនិងបញ្ហាប្រឈមដែលកាន់តែមានសភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ ហេតុអ្វីបានជាចាត់ទុក”អនាគត”ជាប្រធានបទ ? មូលហេតុផ្ទាល់គឺថា ភាពរង្គោះរង្គើនៃពិភពលោកកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ហើយហានិភ័យដែលមនុស្សជាតិបាននិងកំពុងប្រឈមមុខគឺ មិនធ្លាប់មានកាលពីមុន ។ ព្រមពេលជាមួយគ្នានេះ បញ្ហាប្រឈមដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ វិបត្តិជនភៀសខ្លួននិងការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាដើមបានកើតមានជាបន្តបន្ទាប់ ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ 

    គេហទំព័រ «CCFR China state-controlled media » លើកថា ៖ អ្វីដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ នៅថ្ងៃទីមួយនៃកិច្ចប្រជុំកំពូលនេះ ភាគីនានាក៏បានអនុម័តលើ«កិច្ចព្រមព្រៀងអំពីអនាគត»ព្រមនិងឯកសារឧបសម័្ពន្ធចំនួនពីរច្បាប់ ពោលគឺ «កិច្ចព្រមព្រៀងឌីជីថលសកល»និង«សេចក្តីប្រកាសអំពីកូនចៅជំនាន់ក្រោយ»តាមរយៈការពិគ្រោះពិភាក្សាដែលមានខ្លឹមសារពាក់ព័ន្ធដល់វិស័យធំៗចំនួន ៥ ដូចជាការអភិវឌ្ឍជានិរន្តរភាពនិងការកៀរគរថវិកាសម្រាប់ការអភិវឌ្ឍ សន្តិភាពនិងសន្តិសុខអន្តរជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការឌីជីថល យុវជននិងកូនចៅជំនាន់ក្រោយ អភិបាលកិច្ចនិងនវានុវត្តន៍សកលជាដើម ។ កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីការបេជ្ញាចិត្តនិងឆន្ទៈរបស់ភាគីនានាស្តីពីការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ ស្តារពហុភាគីនិយមឡើងវិញនិងឆ្លើយតបនឹងបញ្ហាប្រឈមឱ្យបានកាន់តែល្អដែលត្រូវបានភាគីនានាចាត់ទុកថាជាឯកសាដែលមានសារសំខាន់ជានិមិត្តសញ្ញាសម្រាប់គ្រោងផែនការគោលស្ដីពីការអភិវឌ្ឍរបស់ពិភពលោកនាពេលអនាគត ។

    គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងមុំតមាំចំពោះការបើកកិច្ចប្រជុំកំពូលស្តីពីអនាគត ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ លោក Wang Yi តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម ៤ ចំណុចជុំវិញការកសាងអនាគតកាន់តែល្អបវរដែលប្រកបដោយសន្តិភាពនិងភាពសុខសាន្តត្រាណ វឌ្ឍនភាពនិងវិបុលភាព ក៏ដូចជាសមភាពនិងយុត្តធម៌ដោយសង្កត់ធ្ងន់ថា ភាគីទាំងនានាគួរតែគាំពារប្រព័ន្ធអន្តរជាតិដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល គាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍និងជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ។ គំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែជាការធានាដ៏សំខាន់សម្រាប់ការសម្រេចបាននូវ«កិច្ចព្រមព្រៀងអំពីអនាគត»ប៉ុណ្ណោះទេ ថែមទាំងក៏ជាចក្ខុវិស័យនិងគោលដៅដែលកិច្ចព្រមព្រៀងស្វែងរកផងដែរដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់គ្រប់ភាគីទាំងអស់ ។

    គេហទំព័រ «CCFR China state-controlled media » ថា ៖ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិដែលបានលើកឡើងដោយប្រទេសចិនបានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃដែលត្រូវបានដាក់បញ្ចូលក្នុងឯកសាររបស់អង្គការសហប្រជាជាតិ ។ លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានវាយតម្លៃថា “ប្រទេសចិនបានក្លាយជាសសរទ្រូងដ៏សំខាន់នៃពហុភាគីនិយម ចំណែកគោលបំណងរបស់យើងស្តីពីការអនុវត្តពហុភាគីនិយម គឺដើម្បីកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ” ។

    មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា ប្រទេសចិនបានសង្កត់ធ្ងន់ក្នុងពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលស្តីពីអនាគតថា ប្រឈមមុខនឹងស្ថានការណ៍ពិភពលោកដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង “ប្រទេសធំៗជាពិសេសគួរធ្វើជាគំរូ” គួរ”ធ្វើជា”ម៉ាស៊ីនជំរុញ”សាមគ្គីភាពសកលនិងជា”យុថ្កា”សម្រាប់គាំពារសន្តិភាពអន្តរជាតិ ។ នេះមានសារសំខាន់ជាក់ស្តែងដ៏សំខាន់ ។

    ប៉ុន្តែ តាមពិតទៅ ដើម្បីគាំពារអនុត្តរភាពរបស់ខ្លួន ប្រទេសលោកខាងលិចមួយចំនួនតូចបាននិងកំពុងបង្កការបដិបក្ខជាក្រុម ជំរុញ”ការផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់” បំពានប្រព័ន្ធអន្តរជាតិដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល រហូតដល់ការប៉ុនប៉ងធ្វើវិទ្ធង្សានាសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរដែលខ្លួនចូលរួមបង្កើតនោះដែលធ្វើឱ្យភាពចលាចលនៃពិភពលោកកាន់តែខ្លាំងឡើងៗ ។ នេះក៏ជាមូលហេតុដ៏សំខាន់ដែលប្រទេសជាច្រើនបានអំពាវនាវឱ្យស្តារពហុភាគីនិយមឡើងវិញនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគតផងដែរ ។

“សម្រេចបាននូវការអភិវឌ្ឍជានិរន្តរភាព មិនបោះបង់ចោលប្រទេសណាមួយនោះទេ មិថាបច្ចុប្បន្នឬក៏អនាគត ក៏វាគឺជាគោលដៅស្នូលនៃពហុភាគីនិយមជារៀងរហូត !” នេះជាការសន្យាដែលធ្វើឡើងក្នុង«កិច្ចព្រមព្រៀងអំពីអនាគត»ដែលបង្ហាញឱ្យឃើញថា សហគមន៍អន្តរជាតិរំពឹងថា ពិភពលោកនឹងវិវឌ្ឍទៅកាន់ទិសដៅកាន់តែល្អប្រសើរ ។ ឱ្យតែភាគីនានាប្រកាន់ខ្ជាប់នូវស្មារតីអនុវត្តកិច្ចព្រមព្រៀង យកសាមគ្គីភាពជំនួសភាពបែកបាក់គ្នា យកកិច្ចសហប្រតិបត្តិការជំនួសការបដិបក្ខ ហើយការកសាងពិភពលោកដែលមានភាពកាន់តែល្អប្រសើរក៏មិនមែនជាក្តីសុបិននោះឡើយ ៕

 

ដោយ ៖ សិលា


ចែករំលែក៖