ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធ ដើម្បីជាកាលានុវត្តភាព ក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់ កាន់តែប្រសើរជាងមុន

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (Tourism and Peace) ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក និងតំបន់ដែលបាននិងកំពុង ប្រឈមនឹងឧបសគ្គជាច្រើនដែលស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួល អាកាសធាតុ និងបញ្ហាសេដ្ឋកិច្ចជាសកលជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាង គំហុក ដែលជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើប ឡើងវិញនៃសេដ្ឋកិច្ចសកលលោក និងតំបន់មានការថមថយគួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់ កំណើនទេសចរណ៍អន្តរជាតិផងដែរ។ ទន្ទឹមនេះ តាមរយៈបញ្ហាប្រឈមទាំងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធ ដើម្បីជាកាលានុវត្តភាព ក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់ កាន់តែប្រសើរជាងមុន និងជាធាតុចូលដ៏សំខាន់ក្នុងការគិតគូរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះ អនាគតនៃវិស័យទេសចរណ៍សម្រាប់ទាំងអស់គ្នា។ អនាគតនៃវិស័យទេសចរណ៍ស្ថិតនៅក្នុងដៃយុវជន តាមរយៈ ការវិនិយោគលើយុវជន ការផ្តល់ឱកាសអប់រំនិងបណ្តុះបណ្តាល ការលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្ម របស់ពួកគេក្នុងវិស័យទេសចរណ៍ យើងអាចទាញយកសក្តានុពលរបស់ពួកគេ ដើម្បីជំរុញការរីកចម្រើនសង្គម និងលើកកម្ពស់សន្តិភាព។ បុគ្គលវ័យក្មេងដែលមានទេពកោសល្យ នាំមកនូវទស្សនវិស័យ ភាពច្នៃប្រឌិត និង ថាមពលដែលចាំបាច់សម្រាប់ការវិវត្តជាបន្តបន្ទាប់នៃវិស័យទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាលើកឡើងថា ៖ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការ កសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាពជាឈ្នាន់រួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់ សន្តិភាពទូទាំងពិភពលោក។

ជាក់ស្តែងសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់ គាំទ្រជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព ដោយក្នុងនោះ រាជរដ្ឋាភិបាលបន្តលើកលែងនូវសារពើពន្ធចំពោះអាជីវកម្មបម្រើឱ្យវិស័យ

ទេសចរណ៍រយៈពេលពេញមួយឆ្នាំ២០២៥ទៀត ដែលទាំងនេះសបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តែងតែឈរនិងប្រកាន់ខ្ជាប់ជាមួយវិស័យទេសចរណ៍ ជា ពិសេសទៅទៀតនោះ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវផែនការយុទ្ធសាស្ត្រយ៉ាងច្រើនឥតគណនារួម មានការបន្តស្ថាបនាបន្ថែមនូវស្ពាន ថ្នល់ គម្រោងរថភ្លើងល្បឿនលឿនមធ្យម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប ព្រលានយន្តហោះតាមខេត្តនានា មន្ទីរពេទ្យ ការផ្តល់នូវការព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាជននៅទូទាំងប្រទេសតាមរយៈ ប័ណ្ណ ប.ស.ស បង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់កម្មករ ជាង១លាននាក់ ដោយឥតគិតថ្លៃ ការស្ថាបនារោងចក្រទឹកស្អាត រោងចក្រថាមពលឧស្ម័នធម្មជាតិ ការបន្ត ពង្រីកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ការស្ថាបនាកំពង់ផែទេសចរណ៍ និងកំពង់ផែទឹកជ្រៅដឹកទំនិញក្នុង ខេត្តកំពត រោងចក្រដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្តដែលប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ គម្រោងការសាងសង់ខ្សែកាបអុបទិចក្រោមសមុទ្រសម្រាប់បម្រើឱ្យវិស័យអ៊ីនធឺណិតពីកម្ពុជាទៅហុងកុង ដែលវិនិយោគ ដោយភាគីមិត្តចិន និងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់នានាផ្សេងទៀត ដើម្បីបម្រើឱ្យពហុវិស័យ រួមទាំងវិស័យទេសចរណ៍ដែលជាមាសបៃតង និងជាឆ្អឹងខ្នងក្នុងការជំរុញសេដ្ឋកិច្ចជាតិយើងឱ្យមានការរីកចម្រើនដូចអរិយ ប្រទេសនានានៅលើសកលលោក។

សម្តេចថា ៖ ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំ ឡើងជា ៣ ដំណាក់កាល៖ ដំណាក់កាលទី១ ជាដំណាក់កាលភាពធន់នៃវិស័យទេសចរណ៍ ដំណាក់កាលទី២ ជា ដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំណាក់កាលទី៣ ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា។ ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គម ពេញលេញលើគ្រប់វិស័យ និងទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ។ ក្នុងឆ្នាំ២០២៣ កន្លងទៅ យើងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់ កើនឡើង ១៣៩.៥% ធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាក់ស្តែង ៧ខែដើមឆ្នាំ២០២៤ យើង ទទួលបានទេសចរអន្តរជាតិ ៣,៧០០,០០០នាក់ ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិប្រមាណជិត ៦,០០០,០០០នាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦ ៕

ដោយ ៖ សិលា


ចែករំលែក៖