សារព័ត៌មាន Bloomberg នៅថ្ងៃទី ២៧ខែកញ្ញាបានផ្សាយថា ខណៈការបោះឆ្នោតលើសេចក្តីសម្រេចដកហូតពន្ធគយលើរថយន្តអគ្គិសនីចិន ដែលនាំចូលទៅកាន់ទ្វីបអឺរ៉ុបកំពុងធ្វើឡើង រដ្ឋាភិបាលក្រុងប៊្រុចសែលនិងរដ្ឋាភិបាលក្រុងប៉េកាំង កំពុងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកដំណោះស្រាយជំនួសការដកហូតពន្ធគយនេះ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ភាគីទាំងពីរកំពុងស្វែងរកវិធីសម្រេចកិច្ចព្រមព្រៀងមួយស្តីពីការអនុវត្តតម្លៃដែលជាយន្តការស្មុគស្មាញក្នុងការគ្រប់គ្រងតម្លៃ និងបរិមាណនាំចេញដែលប្រើដើម្បីជៀសវាងការដកហូតពន្ធប្រឆាំងការឧបត្ថម្ភធន ហើយការចរចានឹងបន្តធ្វើទោះបីជាប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងបោះឆ្នោតសម្រេចលើការដកហូតពន្ធគយនៅប៉ុន្មានថ្ងៃខាងមុខក៏ដោយ។
បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងធ្វើការងារលើការដាក់បន្ថែមបញ្ញត្តិមួយទៅកាន់សេចក្តីព្រាងច្បាប់ដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យកិច្ចចរចាបន្តដំណើរការ ដែលប្រទេសជាសមាជិកត្រូវបានរំពឹងថានឹងបោះឆ្នោតនៅដើមខែក្រោយ។ ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយម្តងហើយម្តងទៀតថា ជម្រើសណាមួយចំពោះការដកហូតពន្ធគយត្រូវតែមានលក្ខខណ្ឌតម្រូវតឹងរ៉ឹង រួមទាំងការអនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដោះស្រាយផលប៉ះពាល់នៃការឧបត្ថម្ភធនរបស់ចិន និងអាចឱ្យសហភាពអឺរ៉ុបត្រួតពិនិត្យលើអនុលោមភាពបាន។
ប្រទេសអាល្លឺម៉ង់និងអេស្បា៉ញស្ថិតក្នុងចំណោមរដ្ឋសមាជិកដែលបានតវ៉ាប្រឆាំងនឹងការដកហូតពន្ធគយនេះ ខណៈដែលប្រទេសផ្សេងទៀតដូចជាអ៊ុីតាលី និងដាណឺម៉ាកគាំទ្រវិធានការនេះ។
ការបោះឆ្នោតនេះនឹងត្រួសត្រាយផ្លូវឱ្យមានការដកហូតពន្ធប្រហែល ៣៥% ដែលចាប់ផ្តើមអនុវត្តពីខែវិច្ឆិកាសម្រាប់រយៈពេល ៥ឆ្នាំលុះត្រាតែសំឡេងភាគច្រើនដែលស្មើនឹង១៥រដ្ឋសមាជិកដែលតំណាងឱ្យ ៦៥% នៃប្រជាជនក្នុងប្លុកនេះជំទាស់នឹងវិធាននេះ។ ពន្ធគយថ្មីនេះនឹងបន្ថែមពីលើអត្រាពន្ធគយ ១០% ដែលមានស្រាប់។
ប្រទេសចិនដែលបានច្រានចោលការស៊ើបអង្កេតលើករណីប្រឆាំងនឹងការឧបត្ថម្ភធននេះថាជាវិធានការការពារនិយមនោះ បានព្យាយាមទាក់ទាញរដ្ឋសមាជិកនៃសហភាពអឺរ៉ុបឱ្យមកគាំទ្រខ្លួនតាមរយៈការសន្យាការបង្កើនការវិនិយោគលើរោងចក្ររថយន្តនៅក្នុងប្រទេសនានាដូចជាអេស្ប៉ាញ និងហុងគ្រីជាដើម និងតាមរយៈការគំរាមដកហូតពន្ធសងសឹកលើទឹកដោះគោ ស្រាប្រេនឌី សាច់ជ្រូក និងផលិតផលផ្សេងទៀត រួមទាំងរថយន្តម៉ាស៊ីនធំៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕
ដោយ៖ ធីរីណា(រូបថត៖ TKWW)