ព័ត៌មានទាន់ហេតុការណ៍៖

មានពលរដ្ឋជាង២សែននាក់ទៀតបានចូលរួមស្វែងយល់ពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងសប្ដាហ៍ចុងក្រោយនេះ!

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋសរុប ២២១.៣៩៨នាក់ បានចូលរួមឈ្វេងយល់អំពី គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបស់អាជ្ញាធរតាមបណ្តារាជធានី ខេត្ត ដើម្បីលើកកម្ពស់ និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រជាពលរដ្ឋប្រកបដោយចីរភាព។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ)។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរតែងតែយកអស់កម្លាំងកាយ ចិត្តបំពេញកាតព្វកិច្ចចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាប្រចាំដូចភ្លៀងរលឹមនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម ខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប និងចូលរួមសហការរាយការណ៍ ថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចមូលដ្ឋានតាមវិស័យនានាឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែង លោកបានបញ្ជាក់ថា រយៈពេល៧ថ្ងៃនេះ អាជ្ញាធរបានបន្តចុះផ្សព្វផ្សាយសរុបចំនួន ៣.៥៣០លើក ក្នុងនោះ រួមមាន ថ្ងៃទី១. អាជ្ញាធរបានផ្សព្វផ្សាយចំនួន ៤៥៧លើក និងមានប្រជាពលរដ្ឋចូលរួម ២៨.៦២០នាក់ តាមរាជធានី ខេត្តចំនួន២២។ ថ្ងៃទី២ បានចំនួន ៣២៥លើក និងមានការចូលរួម ២១.៦០៤នាក់ នៅតាមរាជធានី ខេត្ត ១៨។  ថ្ងៃទី៣ បាន៥១៧លើក និងមានការ ចូលរួម៣៧.៩៦៥នាក់នៅតាមរាជធានី ខេត្តចំនួន២១។ ថ្ងៃទី៤ ចំនួន ៥៥៣លើក និងមានអ្នកចូលរួម ៣៣.៧១៣នាក់ តាមរាជធានី ខេត្ត២១។ ថ្ងៃទី៥ចំនួន ៥៦៩លើក និងមានអ្នកចូលរួមចំនួន ៣៥.៥៧៥នាក់ តាមរាជធានី ខេត្ត២២ និងថ្ងៃទី៦ ចំនួន ៥៤៧លើក ចូលរួម៣.០១៧៨នាក់ មាន២២រាជធានី ខេត្ត និងថ្ងៃទី៧ចំនួន ៥៦២លើក មានប្រជាពលរដ្ឋចូលរួមសរុប ៣៣.៧៤៣នាក់ មានរាជធានី ខេត្ត២៣។

តាមរយៈការយកចិត្តទុកដាក់ផ្សព្វផ្សាយជាប្រចាំនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មានសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋប្រាកដជាបានជ្រួតជ្រាបអំពីលក្ខណសម្បត្តិទាំង៧ចំណុចក្នុងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាពនិងទទួលបានជំនឿចិត្ត។ ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ ដោយគុណភាពនិងប្រសិទ្ធភាព។ ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែគាំទ្រ ជំរុញ ណែនាំនិងរំលឹកដល់មន្រ្តីទាំងអស់បន្តចូលរួមខិតខំប្រឹងប្រែង ព្យាយាមបម្រើពលរដ្ឋឱ្យបានទាន់ពេលវេលា ឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕

ដោយ ៖ លោក សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យ


ចែករំលែក៖