សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរនៅក្នុងតំបន់ភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមយុទ្ធនាការបោសសម្អាត និងស្ដារឡើងវិញកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៩០នាក់ បន្ទាប់ពីព្យុះ Hurricane Helene បំផ្លាញផ្លូវថ្នល់ ស្ពាន និងបង្កឱ្យមានគ្រោះទឹកជំនន់ដ៏ប្រល័យចាប់ពីរដ្ឋ Florida រហូតដល់រដ្ឋ Virginia ព្រមទាំងបានធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់។
Reuters ដោយផ្អែកលើតួលេខទទួលបានពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថា ព្យុះ Hurricane Helene ដែលបាននាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ដ៏ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោច ៩០នាក់ នៅក្នុងរដ្ឋ North Carolina, South Carolina, Georgia, Florida, Tennessee និងរដ្ឋ Virginia។ តែទន្ទឹមគ្នា ក្រុមមន្ត្រីមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើង។
ព្យុះ Helene ក៏បានធ្វើឱ្យបង្គោលអង់តែនទូរស័ព្ទជាច្រើនបាក់រលំផងដែរ ដោយធ្វើឱ្យប្រជាជនរាប់ពាន់នាក់ មិនទាន់អាចទាក់ទងទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយថែមទាំងបានបង្កការខូចខាតគិតជាទឹកប្រាក់ប្រហែលចន្លោះពី ១៥ពាន់លានដុល្លារ ដល់១០០ពាន់លានដុល្លារទៀតផង៕ ដោយ៖ ធីរីណា
រូបថត៖ AFP