ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំចុះអនុស្សរណៈនៃយោគយល់លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ស្តីពី ការអភិវឌ្ឍបរិស្ថានសាលារៀន និងការបង្កើតបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព និងនវានុវត្តន៍

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមអ្នកស្ម័គ្រចិត្តអន្តរជាតិកូរ៉េ Daejin នៃសាធារណរដ្ឋកូរ៉េ  បានចុះអនុស្សរណៈនៃយោគយល់លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ស្តីពី ការអភិវឌ្ឍបរិស្ថានសាលារៀន និងការបង្កើតបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព និងនវានុវត្តន៍ ក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងលោក Kim Wan Yong អគ្គនាយកនៃសមាគមអ្នកស្ម័គ្រចិត្តអន្តរជាតិ Daejin នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងនៃក្រសួងអប់រំ យុវជន និងកីឡា។ 

ពិធីអនុស្សរណៈនៃយោគយល់លើកិច្ចសហប្រតិបត្តិការនេះ មានរយៈពេល០៥ឆ្នាំ (២០២៥-២០២៩) លើការពង្រឹង និងលើកកម្ពស់ការអប់រំនៅតាមសាលារៀនគោលដៅក្នុងខេត្តសៀមរាបដែលផ្ដោតសំខាន់ការអនុវត្ត សកម្មភាពរួមមាន៖ ១-ការលើកកម្ពស់ប្រព័ន្ធអប់រំឌីជីថល ដើម្បីគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ២-ការពង្រឹងសមត្ថភាពឌីជីថលជូនដល់គ្រូបង្រៀននៅកម្ពុជា ៣-ធានាប្រសិទ្ធភាព និងសកិ្តសិទ្ធិភាពក្នុងការសិក្សារបស់សិស្សានុសិស្ស និងផ្ដល់ឱកាសជាច្រើនសម្រាប់ការរៀនសូត្រតាមរយៈបរិស្ថានស្អាតប្រកបដោយសុវត្ថិភាព និងរីករាយ  ៤-ការធ្វើឱ្យប្រសើរឡើងសម្រាប់វិស័យអប់រំនៅកម្ពុជា តាមរយ:ការធ្វើទំនើបកម្មសម្ភារៈបរិក្ខារសិក្សាសម្រាប់លើកកម្ពស់ការការបង្រៀននិងរៀន តាមរយៈគំនិតផ្ដួចផ្ដើម នៃការកែលម្អបរិស្ថានអប់រំនៅតាមសាលារៀន ជាពិសេសការជួយដល់សិស្សានុសិស្សជួបការលំបាកជាដើម។

ក្នុងឱកាសជួបប្រជុំសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សារណៈនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់សមាគមអ្នកស្ម័គ្រចិត្តអន្តរជាតិកូរ៉េ Daejin ដែលបានចាប់អារម្មណ៍ និងគាំទ្រដល់ការអប់រំនៅកម្ពុជា។ លោកស្រីសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលជះជាវិជ្ជមានជូនដល់កុមារ និងការលើកកម្ពស់សមត្ថភាពគ្រូបង្រៀននៅតាមសាលារៀន ពិសេសសាលារៀនគោលដៅនៅខេត្ត សៀមរាប។ លោកស្រីលើកឡើងអំពីចំណង មិត្តភាពរវាងកម្ពុជា និងកូរ៉េ មានរយៈពេលយូរណាស់មកហើយ តាមរយៈចំណងមិត្តភាពនេះបានជួយគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជាជាច្រើនរហូតមកដល់បច្ចុប្បន្ននេះ។ សង្ឃឹមថាកិច្ចសហការនេះនឹងបន្តផ្ដល់ផលជះ ក៏ដូចជាលទ្ធផលជាវិជ្ជមាន ដែលធ្វើឱ្យការអប់រំឌីជីថល សុខភាពអនាម័យហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀន កម្ពុជាមានការផ្លាស់ប្តូរ និងទទួលបានការអភិវឌ្ឍរីកចម្រើនដូចប្រទេសកូរ៉េ។

បន្ថែមពីនេះផងដែរ លោកស្រីបានស្នើសុំឱ្យមានការផ្ដល់អាហារូបករណ៍បន្ថែមដល់បុគ្គលិកអប់រំ និងនិស្សិតកម្ពុជាដើម្បីទទួលបានការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យ និងមន្ទីរពេទ្យនៅសាធារណរដ្ឋកូរ៉េ ដែលផ្ដោតលើការអប់រំផ្នែកសុខភាព និងឌីជីថល ដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញគ្រប់គ្រាន់ ដែលជាផ្នែកមួយសំខាន់សម្រាប់កុមារកម្ពុជា។ 

ដោយឡែកភាគីកូរ៉េបានទទួលយកសំណើរលោកស្រីរដ្ឋលេខាធិការព្រមទាំងបានថ្លែងអំណរគុណលោកស្រីដែលបានចំណាយពេលវេលាដ៏មមាញឹក មកជួបសំណេះសំណាល និងចុះហត្ថលេខា។ សូមអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងលើកកម្ពស់ការអប់រំនៅកម្ពុជា។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងផ្តល់លទ្ធផលជាផ្លែផ្កា ព្រមទាំងអាចបន្តកិច្ចសហប្រតិបត្តិការនេះយូរអង្វែងតទៅមុខទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖