ខេត្តតាកែវ ៖ យ៉ាងហោចណាស់ ក៏មាននិស្សិត៣នាក់ បានលង់ទឹកស្លាប់នៅស្ទឹងកំពង់លាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងពេលតែមួយ ជាមួយគ្នា ពិតជាគួរឱ្យរន្ធត់ណាស់ ។
សូមបញ្ជាក់ថា ៖ ក្រុមយុវជន៥នាក់ដែលជានិស្សិតមហាវិទ្យាល័យនិងមានទីលំនៅនៅក្នុងខេត្តកំពង់ចាមហើយបានធ្វើដំណើរមកលេងបុណ្យភ្ជុំបិណ្យនៅផ្ទះមិត្តនៅក្នុងស្រុកព្រៃកប្បាសខេត្តតាកែវបានលង់ទឹកស្លាប់៣នាក់កាលពីវេលាម៉ោង៤ជាងរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ នៅម្តុំស្ទឹងកំពង់លាស ស្ថិតនៅក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើយោងតាមលោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានថ្លែងប្រាប់សារព័ត៌មាន អោយដឹងថា ៖ បន្ទាប់ពីពួកគាត់ទាំង ៥នាក់ មកងូតទឹកលេងនៅរនៀលទឹកស្ទឹងខាងលើ ក៏បណ្ដាលអោយលង់ទឹកស្លាប់៣នាក់ នឹងបានជួយសង្រ្គោះចំនួន២នាក់ទាន់ពេលវេលា។
បើតាមលោកអភិបាលស្រុកព្រៃកប្បាសបន្តថា ៖ បច្ចុប្បន្ន សមត្ថកិច្ចបានរកឃើញសពយុវជន២នាក់ហើយ ប៉ុន្តែកម្លាំងសមត្ថកិច្ច នៅបន្តស្វែករងសាកសព យុវជន ១នាក់ទៀត ដើម្បីប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ទាក់ទងទៅនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។ ដូច្នេះសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណសាកសពនៅឡើយទេ។
សូមជម្រាបថា ៖ នៅស្រុកស្អាងកន្លងទៅៗថ្មីៗនេះយុវជន២នាក់ និងយុវតីម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីជិះទូកលេងតាមទឹកក្រោយភូមិ មិនចេះហែល ហើយទូកក្រឡាប់បណ្តាលឱ្យស្លាប់ទាំង៣នាក់ ៕
ដោយ ៖ សិលា