ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ប្រាប់អាម៉េរិកអំពីវឌ្ឍនភាពថ្មីៗនៃការរីកចម្រើនរបស់កម្ពុជា ក្រោមសុខសន្តិភាពដែលអាចអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក

ចែករំលែក៖

វ៉ាស៊ីនតោនឌីស៊ី៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Scott Nathan នាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាម៉េរិក (U.S. International Development Finance Corporation_DFC)​ កាលពីរសៀលថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់)។ 

ក្នុងកិច្ចពិភាក្សានាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោក Scott Nathan អំពីវឌ្ឍនភាពថ្មីៗនៃការរីកចម្រើនរបស់កម្ពុជា ក្រោមសុខសន្តិភាពដែលអាចអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិកនាឱកាសនេះ។ 

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យមួយចំនួនមានជាអាទិ៍ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និងសុខុមាលភាពប្រជាជន ដែលមានការប្រសើរឡើងគួរឱ្យកត់សម្គាល់ យ៉ាងណាមិញនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកផលិតភាពឱ្យបានកាន់តែល្អប្រសើរផងដែរ។ 

តាមរយៈជំនួបនាឱកាសនេះ លោក Scott Nathan បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់នឹងចូលរួមបង្កើនសកម្មភាពប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនជាងមុន ជាពិសេសលើវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖