ខេត្តស្វាយរៀង៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរជិត ១ ម៉ឺន៧ពាន់នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ។
បើយោងតាម លោក វ៉ាន់សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត ស្វាយរៀងបានអោយដឹង នារសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០២៤នេះថា ដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើអោយភ្ញៀវទេសចរ បរទេសចូលមកលេងកម្សាន្ត តាមគោលដៅសំខាន់ៗទូទាំងប្រទេសកម្ពុជា ក៏ដូចជា ក្នុងខេត្តស្វាយរៀង ដែលមានលោក ប៉េង ពោធិ៍សា ជាអភិបាលខេត្តផងដែរ។
លោកបន្តថា រយៈពេល ៣ថ្ងៃ គិតចាប់ថ្ងៃទី០១-០៣ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តស្វាយរៀង នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤។
ចំពោះ ភ្ញៀវទេសចរសរុបចំនួន ១៦,៩១០ នាក់ , ស្រី ៤,៣៨៧ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១០៧នាក់។
លោក បានបន្តថា ចំពោះការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ។
ដោយក្នុងរយៈពេល៣ថ្ងៃនេះពុំមានបញ្ហាអ្វីកើតឡើងឡើយ ខណៈកងកម្លាំងសមត្ថកិច្ចបានសម្រួលចរាចរណ៍ មិនឱ្យមានការកកស្ទះយូរ ដែលនាំឱ្យភ្ញៀវទេសចរមានការធុញទ្រាន់ឡើយ ៕
ដោយ៖ សុថាន