ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈមេប្រយោគសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្ត ទៅនៅសាលសន្និសីទនៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំគណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ អំពីបច្ចេកទេសសម្រាប់ដំណើរការសំណេរ តួនាទីភារកិច្ច គណៈ មេប្រយោគទាំងអស់ ដែលត្រូវអនុវត្តក្នុងការប្រឡង។
ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យបានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្តកំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយដ៏សំខាន់ជំរុញឱ្យការប្រឡងដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។
ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូនក្រសួង បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ក្រសួង សុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕
ដោយ៖ សូរិយា