ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនកសិករ២នាក់រឹបអូសគ្រឿងញៀនមួយកញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាកសិករ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន គ្រាដែលបុរសទាំង២នាក់នេះជិះស្រឡាងត្រឡប់មកពីទិញគ្រឿងញៀននៅរាជធានីភ្នំពេញវិញ។ ប្រតិបត្តការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចកំពង់ចម្លងស្វាយជ្រុំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ហេង ម៉ាណែត ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២-ឈ្មោះ លឹម ផល្លា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់តូច ។

ប្រភពដដែលបន្ដថា នៅមុនពេលបង្រ្កាបចាប់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកតាកូវសហការជាមួយនគរបាលប៉ុស្ដិ៍ស្វាយជ្រំ ជិះម៉ូតូចេញល្បាតក្នុងភូមិសាស្រ្ដឃុំព្រែកតាកូវនិងឃុំស្វាយជ្រំ ។ ពេលល្បាតដល់ចំណុចកំពង់ចម្លងស្វាយជ្រំក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់ដើរឡើងពីស្រឡាង ។ ភ្លាមៗនោះសមត្ថកិច្ចបានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀន ក៏ឃាត់ខ្លួនវាខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

kadl

kadl (1)


ចែករំលែក៖