ព័ត៌មានទាន់ហេតុការណ៍៖

មុខ​សញ្ញា​គ្រឿងញៀន​ម្នាក់​ នៅក្រុង​ពោធិ៍សាត់​ ត្រូវ​បានបង្រ្កាប​ និងឃាត់ខ្លួន​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងអន្តរាគមន៍ក្រុងពោធិ៍សាត់ បានសហការជាមួយកម្លាំងជំនាញការិយាល័យផែនប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្នុងចំណោមបក្សពួក ជាមុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់​ យ៉ាងសកម្ម​នៅ​មូលដ្ឋាន​ខេត្ត​ យកមកសាកសួរ​ និងចាត់ការតាមច្បាប់​។ 

ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ុន រតនា អធិការរងក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញការិយាល័យផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលលកស បានចុះបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះឈ្មោះ ជា ដាវីត ហៅ (បញ្ញា) ស្ថិតនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤៥នាទី ។ 

លោកអធិការ កែវ សារិ បានឲ្យដឹងថា ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ និងបក្សពួក២នាក់ទៀត រត់គេចខ្លួន ១-ឈ្មោះ អ៊ូច ខេមរា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ចាប់បាន និងលទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក វិជ្ជមាន +) ។

វត្ថុតាងដកហូតរួមមាន ៖ ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ធំ សាច់ថ្នាំសុទ្ធទម្ងន់១០០២,៩ក្រាម, ម៉ូតូចំនួន១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង, កាណូតចំនួន ១គ្រឿង, ថង់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារៈជក់ថ្នាំញៀន១កំប្លេរ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖