ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគ ប្រចាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម ។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានយកឱកាសនោះ មានប្រសាសន៍ផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ពោលគឺប្រឡងឲ្យជាប់ និងទទួលបាននិទ្ទេសល្អផងដែរ ។
ទន្ទឹមនឹងនេះ សូមបេក្ខជនទាំងអស់រក្សាសណ្ដាប់ធ្នាប់ គោរពទៅតាមបទបញ្ជា ដោយមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់យកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ចូលមណ្ឌលប្រឡងឡើយ។
តាមមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៣-២០២៤ នេះ ខេត្តកំពង់ចាម មាន ១៤មណ្ឌលប្រលង ស្មើនឹង៣៦១បន្ទប់ និងមានបេក្ខជនចំនួន ៨.៩៨២នាក់៕
ដោយ ៖ សិលា