ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជា ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តតាកែវជាបន្ត

ចែករំលែក៖

ខេត្តតាកែវ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងផ្សារសំរោងយ៉ោង និងតាមសាលារៀនមួយចំនួនរួចមក សម្ដេចតេជា ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តតាកែវជាបន្ត។

តាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន ៣១ គ្រួសារដែលបានមកស្នាក់នៅទីតាំងមន្ទីរពាណិជ្ជកម្មខេត្តតាំងពីឆ្នាំ ១៩៨៦ គឺក្រោយពីបានពីភាក្សាជាមួយអភិបាលខេត្តរួចមក សម្ដេចតេជោ បានសម្រេចអោយ ចេញស.ជ.ណ កាត់ដីទាំងនេះចេញពីបញ្ជីសារពើពន្ឋរបស់រដ្ឋប្រគល់ជូនបងប្អូនទាំង៣១គ្រួសារអោយមានប័ណ្ណកម្មសិទ្ឋិរស់នៅចាប់ពីពេលនេះតទៅ។ នេះជាដំណោះស្រាយដែលប្រជាពលរដ្ឋរង់ចាំជាយូរឆ្នាំមកហើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ (សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប័ណ្ណកម្មសិទ្ធិដីធ្លី) និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿន សមស្រប និងមានប្រសិទ្ឋិភាព។ មន្ត្រីត្រូវគិតថាខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ត្រូវជៀសវាងការប្រើវប្បធម៍នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវសហការជាមួយភ្នាក់ងារពន្ឋដារ និងគយក្នុងការប្រមូលពន្ធអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់ការពារតំបន់តំបន់អភិរក្សដូចជាភ្នំជីសូ ភ្នំតាម៉ៅ ជាពិសេសតំបន់ដែលទាក់ទាញទេសចរណ៍ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានលឿនឆាប់រហ័ស។

ខេត្តតាកែវជាប់ព្រំដែនវៀតណាម ដូច្នេះអាជ្ញាធរខេត្តត្រូវបង្កើនទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយណែនាំប្រជាពលរដ្ឋទាំងសងខាងអោយចេះយោគយល់គ្នា។ ហាមដាច់ខាតការជួលដីអោយប្រជាជនវៀតណាម។ នេះមិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម។ ត្រូវចូលរួមសហការគ្នាទប់ស្កាត់អំពើនេសាទខុសច្បាប់ទាំងឡាយ។ ចំពោះការងារព្រំដែន អាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំបោះបង្គោលព្រំដែនអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា បានកោតសរសើរផងដែរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៌ខេត្តតាកែវអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ ឆន្ទៈល្អមុះមុត និងការទទួលខុសត្រូវខ្ពស់ជាមួយនឹងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ៕

1

4

3

2

5


ចែករំលែក៖