ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ៩ខែ! កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ពាន់លានដុល្លារ ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន​ឡើង ១៧ភាគរយ

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​ បានបង្ហាញថា​​ កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ពាន់លានដុល្លារ ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន​ឡើង ១៧ភាគរយ នៅក្នុងរយៈពេល ៩ខែ ពោល​គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤​។ បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់​លានដុល្លារ។

ទិន្នន័យរបស់ GDCE បានបញ្ជាក់ថា​ ការនាំចេញទំនិញ​របស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើន​ឡើង ១៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។

បេីតាមប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា​ អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា​ នៅឆ្នាំ២០២៤នេះ ការ​បញ្ជាទិញ​នៅក្នុងវិស័យវាយ​​នភណ្ឌពីកម្ពុជាមានភាពល្អប្រសើរ ខណៈមាន​​តម្រូវ​ការ​​កើន​ឡើង​នៅទីផ្សារអន្តរជាតិ ដូចជាអាមេរិក និងអឺរ៉ុបជាដើម ទើបធ្វើឱ្យការនាំចេញរបស់​កម្ពុជា​មាន​កំណើន។

ដោយ​ឡែក​លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានឱ្យដឹងដែរថា ការ​ងើប​ឡើង​វិញនៃកំណើន​សេដ្ឋ​កិច្ចអាមេរិក និងបណ្ដាប្រទេសធំៗនៅតំបន់អឺរ៉ុប បានធ្វើឱ្យ​ការ​នាំ​​ចេញ​របស់​​កម្ពុជា​កើន​ឡើង។​ លោកបណ្ឌិត​ បន្ថែម​ថា​ កំណើននាំចេញរបស់កម្ពុជានៅពេលនេះ ក៏ដោយ​សារតែ រោងចក្រសហគ្រាសនៅក្នុងផ្នែកកម្មន្តសាលមួយចំនួន គាត់ផ្ទេពីការផលិត​តែសម្លៀក​បំពាក់ទៅលើទំនិញផ្សេងៗទៀត ដែលនាំឱ្យកម្ពុជា​​​នៅតែមានឧត្តមភាពនៅក្នុង​ការនាំ​ចេញ ខណៈ​​ទំនិញកម្ពុជានៅតែមានភាពប្រកួតប្រជែង។

គួរបញ្ជាក់ថា​ ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់ ,ស្បែកជើង ,ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

ដោយ​៖តារា​


ចែករំលែក៖