ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ បានជម្រាបជូនសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់អំពីមន្ត្រីរាជការ និងសប្បុរសជនចំនួន៥៩រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងបានចូលរួមកសាងអភិវឌ្ឍន៍ភូមិ ឃុំនានា ក្នុងក្រុង ស្រុក នៃខេត្តកោះកុងកន្លងមក ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តចំពោះគុណបំណាច់ និងស្នាដៃខាងលើ សម្តេចគោរពជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទី មេត្តាពិនិត្យ និងសូមអនុញ្ញាតផ្តល់នូវគ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ចំពោះមន្ត្រីរាជការ និងសប្បុរសជនចំនួន៥៩រូប ក្នុងនោះគ្រឿងឥស្សរិយយសថ្នាក់ជាតូបការចំនួន២រូប គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ មហាសេរីវឌ្ឍន៍ចំនួន២០រូប គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន១២រូប ក្នុងនោះ មានលោក ប៉ែន ទូចវណ្ណៈ ជាសប្បុរសជន និងជាបុគ្គលិកមជ្ឈមណ្ឌលព័ត៌មាននគរវត្ត នគរដ្រេហ្គន ផងដែរ ។ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនាចំនួន១៧រូប និង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន៨រូប ។
គួររំលឹកផងដែរថា ថ្មីៗនេះ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាសាយ ឈុំ ក៏បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសដល់ឥស្សរជនចំនួន៨០រូប ដែលមានគុណបំណាច់ក្នុងការបម្រើជាតិ មាតុភូមិ ក្នុងនោះ គ្រឿងឥស្សរិយយសជាតូបការចំនួន៣២រូប គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនាសេរីវឌ្ឍន៍ចំនួន១២រូប គ្រឿងឥស្សរិយយស ថ្នាក់សេនាជ័យសិទ្ធ ចំនួន១២រូប គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា១៦រូប និង គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទជាច្រើនទៀត ៕ សុខ ខេមរា