ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ច្រកចាំយាមចំហរទ្វារឲ្យទំនិញគ្មានគុណភាពចូលសេរី

ចែករំលែក៖

ប្រជាពលរដ្ឋនៅតំបន់ច្រកចាំយាម ខេត្តកោះកុង បានឲ្យដឹងថា ទំនិញគ្មានគុណភាពច្រើនប្រភេទ ជាពិសេសគ្រឿងឧបភោគ បរិភោគ ហួសកាលបរិច្ឆេទ និងមានលាយសារធាតុគីមី ត្រូវបានពួកឈ្មួញនាំចូលក្នុងមួយថ្ងៃៗរាប់សិបតោន ។ មន្ត្រីជំនាញកាំកុងត្រូលបើកទ្វារច្រកព្រំដែនចំហរដោយសេរី អនុញ្ញាតឲ្យទំនិញគ្មានគុណភាពនាំចូលជាថ្នូរនឹងលុយកាក់ ។ ប្រធានកាំកុងត្រូលប្រចាំច្រកចាំយាម ត្រូវគេរាយការណ៍ថា ឈ្មោះ ជា នី ដែលបិទភ្នែកឲ្យឈ្មួញនាំទំនិញគ្មានគុណភាពចូលរាល់ថ្ងៃ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រឿងឧបភោគ បរិភោគគ្មានគុណភាព និងមានលាយសារធាតុគីមីត្រូវបានឈ្មួញនាំចូលយកមកចែកចាយនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗ រាប់សិបតោន ។ ពួកឈ្មួញដែលនាំទំនិញលាយសារធាតុគីមី និងហួសកាលបរិច្ឆេទ សុទ្ធតែបង់លុយឲ្យមន្ត្រីកាំកុងត្រូល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ទើបអាចនាំចូលដោយស្រួលបាន ។ គេមិនដែលឃើញសមត្ថកិច្ចកាំកុងត្រូលបង្ក្រាបបទល្មើសនៃការនាំទំនិញគ្មានគុណភាព មានលាយសារធាតុគីមីនោះម្តងណាឡើយ ។ គេនិយាយថា គ្មាននរណាល្ងង់ទៅចាប់បង្ក្រាបទំនិញគ្មានគុណភាពទាំងនោះ ដែលស្មើនឹងការវាយកម្ទេចឆ្នាំងបាយខ្លួនឯងនោះឡើយ ។ លោក ជា នី ត្រូវគេអះអាងថា ទទួលបានលាភសក្ការពីឈ្មួញទាំងនោះ ទាំងតាមចំនួនរថយន្ត និងពេលវេលានៃការបង់ខែនោះទៀតផង ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាមបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ឈ្មួញបានដឹកសាច់មាន់ និងគ្រឿងក្នុងមាន់តាមរទេះពីទឹកដីសៀមចូលទឹកដីខ្មែរ ហាក់មានចំនួនកើនឡើង ។ ការកើនឡើងនៃការនាំសាច់មាន់ និងគ្រឿងក្នុងមាន់រយៈពេលប៉ុន្មានថ្ងៃនេះ ព្រោះតែដើម្បីបំពេញសេចក្តីត្រូវការក្នុងឱកាសពិធីសែនក្បាលទឹក ។ ការនាំសាច់មាន់ គ្រឿងក្នុងមាន់ច្រើនឡើង គឺលោក ជា នី ក៏ទទួលបានចំណូលកើនឡើងដែរ ។ ស្របពេលគ្នានេះដែរ ស្ថាប័នកាំកុងត្រូលក៏កំពុងបើកយុទ្ធនាការអំពាវនាវ ណែនាំឲ្យប្រជាពលរដ្ឋ កុំបរិភោគចំណីអាហារដែលគ្មានគុណភាព ។ គេគួរតែបិទការនាំចូលទំនិញគ្មានគុណភាព និងហួសកាលបរិច្ឆេទ ឬលាយសារធាតុគីមី ប្រសើរជាងការអំពាវនាវបែបដូច្នេះ ៕


ចែករំលែក៖